ក្រុងប៉ោយប៉ែត៖ រថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបានបើកបុករបងផ្ទះអ្នកស្រុកបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវជាតិលេខ៥ខាងកើតធនាគារអេស៊ីលីដាឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តដែលកេសង្ស័យថាម្ចាស់ស្រវឹងស្រាបើកបុករបងថ្មផ្ទះគេនោះមានពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខបាត់ដំបង2B-9934។ ចំណែកម្ចាស់អ្នកបើកបរក្រោយកើតហេតុបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញរបស់ក្រុងប៉ោយប៉ែតចុះមកពិនិត្យរួចហើយស្ទួចយករថយន្តទៅអធិការដ្ឋាននគរបាលដើម្បីពិន័យតាមផ្លូវច្បាប់។
នគរបាលបានប្រាប់កន្លែងកើតហេតុថាៈមុនកើតហេតុគេបានឃើញរថយន្តខាងលើម្ចាស់បានបើកបរក្នុងទិសដៅពីកើតទៅលិចសំដៅចូលក្រុងប៉ោយប៉ែត(ទីប្រជុំជន)ក្នុងល្បឿនអាច
កុងទ័រប្រមាណជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង លុះមកដល់ចំណុចកើតហេតុបានជែងរថយន្តកាមរីបាឡែនមួយគ្រឿង
ក្នុងទិសដៅស្របទិសគ្នា ប៉ុន្តែដោយសារគ្រប់គ្រងស្ថានការណ៍មិនបានក៏រេចង្កូតមកស្ដាំបុករបងថ្មអ្មកស្រុកធ្វើឲ្យរថយន្តខូចខាតខាងមុខទាំងស្រុងទៅមុខមិនរួច តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឬម្ចាស់ផ្ទះណាឡើយ។
លោកអធិការរងក្រុងប៉ោយប៉ែត ឈឿន ប៊ុនថា ទទួលផ្នែកចរាចរណ៍បានប្រាប់ថារថយន្តដែលម្ចាស់បើកបររងផលប៉ះពាល់ដល់របងអ្មកស្រុកនឹងត្រូវស្ទួចយកទៅដាក់នៅអធិការដ្ឋាននគរបាលក្រុងដើម្បីពិន័យ ព្រោះម្ចាស់បើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជននិងត្រូវមានសំណងដល់ម្ចាស់ទ្រព្យដែលរងការខូចខាត៕ដោយ៖ វណ្ណា