ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ២ទល់០ បន្តឈរកំពូលតារាងក្នុងលីគកំពូលអង់គ្លេស Premier League ធ្វើឲ្យក្រុមមាន់ខ្នាយមាសបំបែកកំណត់ត្រាមិនដែលចាញ់៥ប្រកួតជាប់ៗគ្នាគ្រប់ការប្រកួតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ។
២គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottanham រកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី១៣ និងគ្រាប់ទី២រកបានដោយប្រធានក្រុមខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Herry Kane នៅនាទីទី៤៥+១ ជិតចប់តង់ទី១ទៅហើយ។
១គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Son Heung-Minកាលពីយប់មិញនេះបានធ្វើឲ្យរូបគេក្លាយជាកីឡាកររកគ្រាប់បាល់បាន៩គ្រាប់ហើយ និងឈរលេខ២បណ្តោះអាសន្នក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើននៅPremier League បន្ទាប់ពីកីឡាករ Calvert Lewin របស់ Everton រកបាន១១គ្រាប់ឈរលើគេ។
ជ័យជម្នះរបស់ក្រុម Tottanham នេះធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរកំពូលតារាង Premier League មាន២៤ពិន្ទុ ក្នុង១១ប្រកួតកន្លងទៅ ខណៈដែលក្រុមកាំភ្លើងធំ Arsenal ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៥ មាន១៣ពិន្ទុ។
សូមបញ្ជាក់ថា ក្រៅពីគូខាងលើនេះ ក្រុមខ្លាំងៗនៅអង់គ្លេសក៏បានយកឈ្នះគូប្រកួតរបស់ខ្លួនដែរដូចជា ក្រុមហង្សក្រហម Liverpool យកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល៤ទល់០ ធ្វើឲ្យ Liverpool ឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន។ ក្នុងការប្រកួតនោះក៏មានការអនុញ្ញាតឲ្យអ្នកគាំទ្រក្រុមហង្សក្រហមមួយចំនួនចូលទស្សនាការប្រកួតនៅក្នុងកីឡដ្ឋានផ្ទាល់ផងដែរ។ ចំណែកក្រុមភ្ញៀវ Leicester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ២ទល់១ បន្តឈរចំណាត់ថ្នាក់លេខ៤ និងក្រុមភ្ញៀវ Crystal Palace យកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល ៥ទល់១។ ការប្រកួតក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមបន្តប្រកួតទៀតនៅចុងសប្តាហ៍នេះគឺថ្ងៃទី១១ ធ្នូខាងមុខ ៕
ដោយ៖ភារៈ