អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ជាក់ស្តែងចំពោះការសម្រេចចិត្តនេះ មានន័យថា លោក ចូ បៃឌិន បានដាក់អ្នកចេញមុខការពារច្បាប់ «អូបាម៉ា Care» យ៉ាងមុតមាំឲ្យកាន់មុខតំណែងជាអ្នកគ្រប់គ្រងប្រតិបត្តិការឆ្លើយតបជំងឺរាតត្បាតសកលកូវីដ-១៩ សម្រាប់រដ្ឋបាលលោក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ថា អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញាលោក Xavier Beccerra ត្រូវបានលោក ចូ បៃឌិន ផ្ដល់ទំនុកចិត្តឲ្យធ្វើជារដ្ឋមន្រ្តីសុខាភិបាល និងសេវាប្រជាជនក្នុងរដ្ឋបាលរបស់លោក។ ប្រសិនបើត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក លោក Becerra វ័យ៦២ឆ្នាំ នឹងក្លាយជាជនអាមេរិកឡាទីនទីមួយ ដែលដឹកនាំក្រសួងសុខាភិបាលអាមេរិក។ ខណៈពេលចូលក្ដាប់តំណែងនេះ កិច្ចការស្នូលរបស់លោក គឺពង្រឹងប្រតិបត្តិការឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយនឹងការដឹកនាំក្រសួងសុខាភិបាលអាមេរិក លោក Beccerra ក៏នឹងមើលការខុសត្រូវលើទីភ្នាក់ងារសហព័ន្ធចាត់ចែងស្បៀងអាហារ និងឱសថ (FDA) ដែលមានតួនាទីស្នូលត្រួតពិនិត្យលើការវិវត្តរបស់វ៉ាក់សាំង។ បន្ថែមពីនេះលោក ក៏នឹងមើលការខុសត្រូវលើទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺអាមេរិក (US CDC) ដែលដឹកនាំប្រតិបត្តិការទប់ស្កាត់ជំងឺឆ្លងផងដែរ ក៏ដូចជាកម្មវិធីសុខាភិបាលសំខាន់ៗទៀតរបស់សហរដ្ឋអាមេរិក។
សូមជម្រាបថា លោក Becerra ដែលជាអតីតសមាជិកសភាជាន់ខ្ពស់ម្នាក់មកពីបក្សប្រជាធិបតេយ្យ បានដើរតួនាទីយ៉ាងសំខាន់ជួយជ្រោមជ្រែងច្បាប់ អូបាម៉ា Care ឲ្យឆ្លងកាត់សភាក្នុងឆ្នាំ២០០៩ និង២០១០។ ក្រោយមក ក្នុងតំណែងអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ រដ្ឋកាលីហ្វ័រនីញា ចាប់តាំងពីឆ្នាំ២០១៧ មក លោកបានដឹកនាំសម្ព័ន្ធភាពរដ្ឋបក្សប្រជាធិបតេយ្យ ចេញមុខការពារច្បាប់ អូបាម៉ា Care យ៉ាងក្លៀវក្លា មិនឲ្យរដ្ឋបាលលោក ត្រាំ បំផ្លាញចោលវិញ។ បច្ចុប្បន្ន សំណុំរឿងនេះ កំពុងរង់ចាំការសម្រេចចិត្តរបស់តុលាការកំពូលនាឆ្នាំក្រោយ។ ខណៈមានបទពិសោធតិចតួចក្នុងការប្រយុទ្ធជំងឺរាតត្បាត ការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបជំងឺកូវីដ-១៩ នឹងក្លាយជាកិច្ចការដ៏ស្មុគស្មាញបំផុតមួយសម្រាប់លោក Becerra ។
គួរបញ្ជាក់ថា ចាប់ពីចុងខែនេះ ឬ ដើមឆ្នាំក្រោយ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ហើយនេះនឹងក្លាយជារបត់ដ៏សំខាន់មួយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់ពលរដ្ឋអាមេរិកអស់ ជាង២៨ម៉ឺននាក់ហើយនោះ៕ដោយ៖ស តារា