ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តឆ្លងផ្លូវលឿនពេកជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់និងស្រាល ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកឡើងលើសួនច្បារ និងបុករបងដែកបាក់អស់មួយផ្ទាំងទៅមុខលែងរួច បណ្តាលឲ្យអ្នកបើករថយន្តរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញពីរថយន្ត បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1TH-5545 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាស្តាCX-5 ពាក់ស្លាកលេខ 2V-8146បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន ឆ្លងផ្លូវមកបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅមន្ទីរពេទ្យ រួចរថយន្តបង្កបន្តបើកទៅមុខឡើងខឿនទៅបុករះដើមឈើ និងបុករបងដែកបាក់អស់មួយផ្ទាំងគាបអ្នកបើកបរក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយទាញពីក្នុងរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ