ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្នុងពូលG កាលពីអធ្រាត្រថ្ងៃទី៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន២គ្រាប់នៅក្នុងការប្រកួតនេះ ដោយរកបាននៅនាទីទី១៣ក្នុងតង់ទី១ និងនាទីទី៥២ ក្នុងតង់ទី២។ ២គ្រាប់នេះរកបានដោយការស៊ុតបាល់ពិន័យប៉េណាល់ទីដែលជាគ្រាប់បាល់ទី១៣៥គ្រាប់នៅ Champions League ។
ចំណែកក្រុម Barcelona វិញការចាញ់នេះគឺជាបរាជ័យលើកដំបូងរបស់ក្រុមក្នុងការប្រកួតជាក្រុមចាប់តាំងពីឆ្នាំ២០១៦ មក។ ជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុម Juventus ឡើងឈរលេខ១ក្នុងតារាងពូល G វិញ ខណៈដែលក្រុម Barcelona ស្ថិតនៅលេខ២ ដោយប្រើរូបមន្ដ Head to Head នៅវគ្គសន្សំពិន្ទុនេះ។
ខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Ronaldo ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមពីរជំនាន់របស់ពួកគេកំពុងប្រឈមមុខដាក់គ្នាជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ដោយពេលនេះក្រុមដែលពួកគេលេងបានប៉ះគ្នាម្តងទៀត។ ខណៈដែល Ronaldo រកបាន២គ្រាប់ ចំណែក Messi វិញក៏មានឱកាសរកគ្រាប់បាល់បានដែរ ប៉ុន្តែត្រូវអ្នកចាំទីJuventus កីឡាករ Gianluigi Buffon វ័យ៤២ឆ្នាំសង្គ្រោះបាល់បានយ៉ាងល្អ ។
ទោះបីជាលទ្ធផលនេះប្រែប្រួលក៏ដោយប៉ុន្តែក្រុមទាំង២ ទាំងBarcelonaទាំងJuventus មានកៅអីទៅលេងនៅវគ្គ១៦ក្រុមដូចគ្នា ៕ដោយ៖ភារៈ