ខេត្តកណ្ដាល៖ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកកៀរបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលចំណាំងផ្លាតក្បែរចិញ្ចើមផ្លូវធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សុខ កន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកភាគីរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ សាក្សីបានឃើញជនរងគ្រោះឈ្មោះ សុខ កន ភេទប្រុស អាយុ៣៣ឆ្នាំ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះទៅដឹកទឹកកកនៅផ្សារព្រែកអំបិលក្នុងទិសដៅពីជើងទៅត្បូង(កោះខែល-ព្រែកអំបិល) លុះបើកបានប្រហែលមួយគីឡូម៉ែត្រពីផ្ទះមកដល់ត្រង់ចំណុចផ្លូវកោង អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កក៏ត្រូវបានរថយន្តកៀរបណ្ដាលអោយរេចង្កូតធ្លាក់ចិញ្ចើមផ្លូវខាងឆ្វេងដៃជ្រុលទៅបុកបង្គោលថ្ម(សញ្ញាចំណាំងផ្លូវកោង)រួចទាញចង្កូតចូលទៅបុកកាំជណ្តើរផ្ទះរបស់ឈ្មោះ ជ ហ៊ង បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតតែម្ដង ។ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលចុះធ្វើការពិនិត្យសាកសព និងធ្វើការវាស់វែងទីកន្លែងកើតហេតុ រួចកសាងឯកសារដើម្បីស្រាវជ្រាវរករថយន្តដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ស្អាងជ័យ