ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩​កើនឡើងខ្ពស់​ប្រធានធិបតីកូរ៉េខាងត្បូង ប្រកាសថា​នឹងប្រើកម្លាំងទាំងអស់ទប់ស្កាត់

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ជេអុីន(Moon Jae-in) នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​បានប្រកាសថា​ នឹងប្រើប្រាស់ កម្លាំង ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។ កូរ៉េខាងត្បូង​មានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​៩៥០​នាក់ ក្នុងរយៈពេល​២៤ម៉ោង​។
ប្រធានាធិបតីមូន ចាត់ទុកការឆ្លងរាលដាល​កូវីដ-​១៩​នាពេលនេះគឺជា ស្ថានភាពអាសន្ន​។ លោក ក៏បានសុំទោស ដល់ពលរដ្ឋ ដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ-​១៩ ទាន់ពេលវេលា​​​ បើទោះបីបានអនុវត្តច្បាប់គម្លាតសង្គមក្តី។
មេដឹកនាំ​​កូរ៉េខាងត្បូង​​​បានបង្ហោះលើបណ្តាញសង្គម​Twitterថា​«យើង​​ចាត់ទុកការឆ្លងរាលដាលកូវីដ-១៩​ លើកនេះជាស្ថានភាពអាសន្ន​ ហើយយើងនឹងខិតខំទប់ស្កាត់ក្នុងពេលដ៏ខ្លីបំផុត​ »
ប្រធានាធិបតីកូរ៉េខាងត្បូង​បានលើកឡើងថា រដ្ឋាភិបាល​មានគម្រោង​បង្កើតទីតាំង​ ធ្វើតេស្ត កូវីដ​-១៩​នៅ​១៥០កន្លែងផ្សេងគ្នា​ដែលមានពលរដ្ឋរស់នៅច្រើន​​ ក្នុងនោះមាន ស្ថានីយ៍រថភ្លើង​ទីក្រុងសេអ៊ូលជាដើម។
គិតមកដល់​ យប់ថ្ងៃទី​​១២ខែធ្នូ កូរ៉េខាងត្បូង មានចំនួនករណីឆ្លងកូវីដ-​១៩​ ជាង៤១ពាន់នាក់​ និងស្លាប់ ៥៧៨នាក់ ៕

ដោយ៖ធី រីណា


ចែករំលែក៖