ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ក្នុងរយៈពេល២ថ្ងៃក្នុងខេត្តស្វាយរៀងមានមនុស្សប្រុសស្រី៥ នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ពីរកន្លែងផ្សេងគ្នានៅក្នុងស្រុករមាសហែក និងស្រុកចន្ទ្រា។

នគរបាលជំនាញខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទីមួយបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅលេីផ្លូវក្រាលក្រួសក្រហម ត្រង់ចំណុចភូមិស្មាច់ឃុំក្រសាំង ស្រុករមាសហែក មានឈ្មោះអឿន  សុីម៉េង ភេទស្រី អាយុ១៥ឆ្នាំ បេីកបរម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1U-០៣០០ដោយមិនពាក់មួកសុវត្ថិភាព បេីកពីទិសខាងកេីតទៅទិសខាងលិច ហើយក៏ដួលខ្លួនឯងក្នុងស្ថានភាពល្បឿនលឿនខ្វះការប្រុងប្រយ័ត្នត្រូវបានឪពុកម្តាយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ករណីទីពីរកើតឡើងនៅវេលាម៉ោង ៩និង១៦នាទីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ រវាងម៉ូតូនិឹងម៉ូតូ ដែលបើកបរក្នុងទិសដៅបញ្ចា្រសទិសគ្នា នៅលើផ្លូវក្រាលកៅស៊ូ លេខ៣១៦A ស្ថិតនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ដោយមានឈ្មោះ សេក  បាន ភេទប្រុស អាយុ៥៤ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពាក់ស្លាកលេខ ស្វាយរៀង៦១៣៧ បើកបរក្នុងទិសដៅពីកើតទៅលិចនិងអ្នក រួមដំណើរឈ្មោះ ភឿក សាខី ភេទស្រីអាយុ ៥៤ឆ្នាំ  និងឈ្មោះដូង សុម៉ាលីស ភេទស្រី អាយុ៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ទៅបុកនិឹងម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វាបើកបរដោយឈ្មោះទេស សុីថាន់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ដោយសារតែម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វាបើកបរល្បឿនលឿន ។

បច្ចុប្បន្នជនរងគ្រោះទាំងសងខាង ត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីរពេទ្យបង្អែកជីភូ រីឯមធ្យោបាយ ធ្វើដំណើរ ទាំងពីរគ្រឿងត្រូវសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ ដើម្បីដោះស្រាយពេលក្រោយ៕

ដោយ៖យឹម សុថាន


ចែករំលែក៖