ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រ៊ីដបេីកលឿនពេកជ្រុលទៅបុករថយន្តCRVពីក្រោយកំពុងឈប់ រុញទៅបុកស្ត្រីអ្នករេីសអេតចាយម្នាក់ទៀតរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តកាមរីហាយប្រ៊ីដក្នុងល្បឿនលឿនហើយរេចង្កូតទៅបុករថយន្តម៉ាកCRVពីក្រោយពេញទំហឹងខណៈកំពុងឈប់ចតស្ងៀមលេីចិញ្ចេីមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំរួចហើយរុញទៅបុកស្ត្រីម្នាក់ជាអ្នករេីសអេតចាយធ្វើឲ្យរងរបួសរលាត់ដៃជេីង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកCRV ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2N-2853​ បេីកបរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត
ខណៈមកដល់ចំណុចកេីតហេតុក៏បានស៊ីញ៉ូឈប់តែមិនទាន់ពន្លត់ម៉ាស៊ីននោះទេ។ បន្ទាប់មកក៏ឃេីញមានស្ត្រីម្នាក់អូសរទេះអេតចាយមកឈប់ខាងមុខរថយន្តហេីយក៏ដើរមករេីសសំបកកំប៉ុង​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2N-4479 សង្ស័យស្រវឹងស្រាបេីកបរក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿនបានរេចង្កូតទៅបុករថយន្តCRV ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ ហេីយរុញទៅបុកស្ត្រីដែលកំពុងរេីសអេតចាយនៅខាងមុខបណ្តាលឲ្យដួលរងរបួសស្រាល។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងធ្វេីការសម្របសម្រួលឱ្យភាគីទាំងសងខាង​ចរចាគ្នា។ ដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសនិងចេញថ្លៃជួសជុលទៅលេីរថយន្តរងគ្រោះចំនួន១៣០០ដុល្លារ​ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​។ ដោយឡែកស្ត្រីអ្នករេីសអេតចាយត្រូវបានម្ចាស់រថយន្តបង្កចេញថ្លៃព្យាបាលចំនួន២០០ដុល្លារ៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖