អន្តរជាតិ៖ ជាថ្មីម្តងទៀត បន្ទាប់ពីទំនាក់ទំនងចិន-អូស្ត្រាលី បានធ្លាក់ចុះនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២០ បានថ្កោលទោសចិនក្រោយទទួលព័ត៌មានថា ចិនបានហាមឃាត់ការនាំចូលធ្យូងថ្មពីអូស្ត្រាលី។ មិនតែប៉ុណ្ណោះ លោក ស្កុត ម៉ូរីសុន លើកឡើងថា បើព័ត៌មាននេះជាការពិត នោះចិនរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។
ជាក់ស្តែងក្រោយទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ក៏មានព័ត៌មានថា នាវាដឹកធ្យូងថ្មរបស់អូស្ត្រាលី ធ្លាប់ត្រូវបានហាមមិនឲ្យចូលចតក្នុងកំពង់ផែចិន។ចំណែកលោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី កាលពីខែតុលាកន្លងទៅ ធ្លាប់បានទាមទារចម្លើយពីចិនម្តងហើយពីការហាមនាំចូលធ្យូងថ្មអូស្ត្រាលី។ រីឯធ្យូងថ្ម ជាផលិតផលនាំចេញដ៏ចម្បងមួយរបស់អូស្ត្រាលីទៅចិន ដោយការនាំចេញមានតម្លៃប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ក្រោយកាសែតរដ្ឋចិន Global Times ចុះផ្សាយនៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២០ ចំពោះការដេញដោលជាថ្មីលើការហាមនាំចូលធ្យូងថ្មនេះថាក្រុមហ៊ុនផលិតអគ្គីសនីចិនបង្វែរទៅទិញធ្យូងថ្មក្នុងស្រុក ក៏ដូចជាប្រទេសដទៃទៀតក្រៅពីអូស្ត្រាលី។
ដោយឡែកលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី ទាក់ទងនឹងរឿងនេះក៏បានលើកឡើងថា បើការចុះផ្សាយខាងលើជាការពិត នោះវាជាការហាមឃាត់ក្រៅផ្លូវការ ដែលជាការបំពានច្បាប់នៃអង្គការពាណិជ្ជកម្មអន្តរជាតិនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរមាន។ បន្ថែមពីនេះលោកម៉ូរីសុន អះអាងថា អូស្ត្រាលីកំពុងស្វែងរកការបំភ្លឺពីរដ្ឋាភិបាលចិន។
ប្រមុខរដ្ឋាភិបាលអូស្ត្រាលីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ចិនអាចនឹងខូចកេរ្តិ៍ឈ្មោះជាដៃគូពាណិជ្ជកម្ម បើសិនជាបន្តប្រើសេដ្ឋកិច្ចដើម្បីដាក់ទោសអូស្ត្រាលី»។ លោក បន្តថា អូស្ត្រាលី ធ្លាប់ព្យាយាមស្វែងរកការបញ្ជាក់ពីចិនដែរ តែទំនាក់ទំនងថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងពីរនៅនឹងថ្កល់លែងដំណើរការដោយចិនធ្វើមិនដឹងមិនលឺ។
សូមជម្រាបថា ក្រៅតែពីធ្យូងថ្ម យ៉ាងហោចណាស់ក៏មានវិស័យចំនួន១៣ផ្សេងទៀតរបស់អូស្ត្រាលីដែលរងការដាក់ពន្ធ ឬការរំខានក្នុងការនាំទំនិញចូលទៅចិន រួមមានស្រូវសាលីបាលី ស្រូវសាលី សាច់គោ ទង់ដែង កប្បាសរោមសត្វ បង្កង ស្ករ វិស័យទេសចរណ៍ និងសាកលវិទ្យាល័យ។ ជារឿយៗអាជ្ញាធរចិនតែងអះអាងថា ការរំខានទាំងអស់នេះបណ្តាលមកពីបច្ចេកទេសឬបញ្ហាបរិស្ថានជាដើម។
ចំពោះបញ្ហាធ្យូងថ្មនេះវិញ អូស្ត្រាលីអាចនឹងនាំបញ្ហានេះទៅដោះស្រាយនៅWTO ប៉ុន្តែនីតិវិធីអាចនឹងត្រូវចំណាយពេលជាច្រើនឆ្នាំហើយក៏អាចប្រឈមទៅនឹងការសងសឹកពីចិនផងដែរ។ បន្ថែមពីនេះ អូស្ត្រាលីក៏ពុំទាន់ឃើញមានការគាំទ្រពីបណ្តាប្រទេសអឺរ៉ុប និងអាមេរិកក្នុងបញ្ហានេះដែរ។
គួរបញ្ជាក់ថា កន្លងទៅ ចិនបានព្រមានប្រជាជនខ្លួនមិនឲ្យទៅរៀន ឬកំសាន្តនៅអូស្ត្រាលីផងដែរ ដោយអះអាងថាមានការរើសអើងពូជសាសន៍។ វិស័យអប់រំ និងទេសចរណ៍របស់អូស្ត្រាលី អាស្រ័យមួយភាគធំលើជនជាតិចិនដែលរួមចំណែកច្រើនដល់សេដ្ឋកិច្ចអូស្ត្រាលី។កាលពីខែវិច្ឆិកា ចិនបានប្រកាសថា នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្ត្រាលីរហូតដល់២១២ភាគរយ៕
ដោយ៖ស តារា