ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅម៉ោងប្រហែល១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបញ្ជូនទៅឣធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងទៀតថា ក្រោយការសាកសួរយកចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន១០លានរៀល ដោយប្រើទូរស័ព្ទលេខ 088 7780913 ទូរស័ព្ទទៅម្តាយជនរងគ្រោះលេខ 088 6143251 ដើម្បីគំរាមទារប្រាក់ពីម្តាយជនរងគ្រោះនិងបានប្រព្រឹត្តអំពើរំលោភសេពសន្ថវ:លើជនរងគ្រោះចំនួន៥លើកនៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពិតប្រាកដមែន។

ចំពោះវត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9032, ទូរស័ព្ទចំនួន១គ្រឿងជាប្រភេទអិនចុចពិល, ខោខូវប៊យជើងវែងចំនួន១, អាវដៃវែង ពណ៌ក្រហមចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាយល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ប្រគល់ជូនឣធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ជ្រោយពេជ្រ

 


ចែករំលែក៖