ព័ត៌មានទាន់ហេតុការណ៍៖

រាត្រីនេះបេក្ខភាពកញ្ញាឯក MISS CAMBODIA 2020 ទាំង៣១រូបនឹងបង្ហាញសម្រស់ក្នុងការប្រកួតបឋម

ចែករំលែក៖

    ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់នោះ មានបេក្ខនារី៣១រូបនឹងបង្ហាញមុខក្នុងការប្រកួតបឋមនៃកម្មវិធីកញ្ញាឯកកម្ពុជាMISS CAMBODIA 2020 កម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះនៅលើកញ្ចក់ទូរទស្សន៍ My TV  និង Facebook Page MISS CAMBODIA   Pageant ចាប់ពីម៉ោង៦ និង៤៥នាទីតទៅ។

កម្មវិធី MISS CAMBODIA  2020  ដែលកន្លងទៅគឺជាកម្មវិធីMiss World  Cambodia នោះក៏នឹងក្លាយជាវេទិការបង្ហាញ និងពង្រឹងចំណេះដឹង សមត្ថភាព រូបសម្រស់ របស់នារីកម្ពុជា។ជាមួយគ្នានេះក៏ជាឱកាសសម្រាប់អ្នកច្នៃម៉ូតកម្ពុជាបង្ហាញសមត្ថភាពរចនាឈុតតំណាងជាតិសម្រាប់បេក្ខនារីដ៏ស្រស់សោភាខាងលើផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ATTRACT Advertising  ខណៈដែលម្ចាស់មកុដនឹងមានឱកាស ចូលរួមប្រកួតក្នុងកម្មវិធី MISS World 2021ខណៈជ័យលាភីបន្តបន្ទាប់ នោះក៏នឹងត្រូវចូលរួមក្នុងកម្មវិធីប្រកួតអន្តរជាតិនានាផ្សេងៗគ្នាផងដែរ។ កម្មវិធីនេះក៏ជាឱកាស ឲ្យកម្ពុជាបានផ្សព្វផ្សាយនូវកិត្តិនាម,តំបន់ទេសចរណ៍ សិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ លើឆាកអន្តរជាតិផងដែរ។

កាលពីថ្ងៃទី១៦ខែធ្នូកន្លងមកនេះដែរ លើគេហទំព័រខាងលើក៏បានបង្ហាញមុខបេក្ខនារីទាំងអស់ ដើម្បីឲ្យទស្សនិកជនធ្វើការផ្តល់ពិន្ទុតាមរយៈការLike  លើរូបថត។ បេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ក៏នឹងទទួលបានពានរង្វាន់កញ្ញាឯកថតរូបស្អាត ព្រមជាមួយនឹងសិទ្ធិពិសេសក្នុងការជាប់ដោយស្វ័យប្រវត្តិជាបេក្ខនារីមួយរូបឈានទៅកាន់វគ្គ១២រូបចុងក្រោយក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២៣ខែធ្នូឆ្នាំ២០២០។

ឆ្លងកាត់ការបង្ហាញសមត្ថភាពតាមការកំណត់របស់កម្មវិធីក្នុងរាត្រីថ្ងៃទី១៨ ខែធ្នូនេះដែរ ក៏នឹងធ្វើការជ្រើសរើសបេក្ខនារីសរុបចំនួន២០នាក់ប៉ុណ្ណោះ ដើម្បីបន្តចូលរួមប្រកួតវគ្គប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រកួតនេះក៏ត្រូវបានគេទម្លាយដែរថានឹងមានទាំងការប្រកួតសម្រស់លើឈុតប៊ីគីនី និងឈុតតំណាងជាតិដែលរចនាដោយក្រុមយុវជននៅកម្ពុជាមួយចំនួនចូលរួមផងដែរ ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖