ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបងរៀបចំទីតាំងធ្វើចត្តាឡីស័កប្រចាំនៅច្រកព្រំដែនរវាងកម្ពុជា-ថៃ រួចរាល់ហើយដើម្បីត្រៀមទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា មកទល់ម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី២១ខែធ្នូនេះ ពលករខ្មែរដែលអាជ្ញាថៃបញ្ជូនមកមានចំនួន១៧នាក់ ក្នុងនោះមានក្មេងតូចចំនួន២នាក់។ ចំពោះអ្នកទាំង១៧នាក់ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ 

ក្នុងករណីនេះផងដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ពលករដែលត្រូវ បញ្ជូនមកទាំង១៧នាក់នាថ្ងៃទី២១ ខែធ្នូនេះ ត្រូវបានបញ្ជូនឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀងចំនួន១៤ថ្ងៃ។

លោកប្រធានមន្ទីរបញ្ជាក់ថា ក្រោយពីការណែនាំរបស់ក្រសួងសុខាភិបាល និង សាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជូនក្រុមការងារចតា្តឡីស័កនិងមន្រ្តីពាក់ព័ន្ធរៀបចំទីតាំងទទួលពលករខ្មែរប្រចាំនៅស្រុកសំពៅលូន និង ស្រុកកំរៀង ។

 សូមបញ្ជាក់ថា ទីតាំងនោះមាននៅច្រកភ្នំដី ស្រុកសំពៅលូន រៀបចំកន្លែងធ្វើចត្តាឡីស័កកម្រិត១ នៅសាលាបឋមសិក្សាជ្រៃសីមា ដែលមាន១០បន្ទប់ ក្នុងមួយបន្ទប់អាចដាក់បានពី៦ទៅ៨គ្រែ និងមន្ទីរពេទ្យបង្អែកសំពៅលូន ធ្វើជាកន្លែងចត្តាឡីស័កកម្រិត២ ដែលមាន៤បន្ទប់ទៀត ។ 

ចំណែកនៅច្រកអន្តរជាតិដូង ស្រុកកំរៀង បានរៀបចំធ្វើជាទីកន្លែងចត្តាឡីស័កកម្រិត១នៅវិទ្យាល័យកំរៀង មាន៤២បន្ទប់ ក្នុងមួយបន្ទប់មានពី៨ទៅ១០គ្រែ និងរៀបចំកន្លែងធ្វើចត្តាឡីស័កប្រភេទពីរ នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀងដែលអាចដាក់បានមនុស្សចំនួន ២១នាក់។

លោកបញ្ជាក់ថា មន្រ្តីជំនាញនិងអាជ្ញាធរកំពុងរៀបចំនិងសម្អាតទីតាំងខាងលើនេះ ដោយមានមន្រ្តីប្រចាំការនៅទីនោះ និង មានរថយន្តយោធា ដែលប្រមុខរាជរដ្ឋាភិបាលបញ្ជូនមកពីភ្នំពេញ ក៏បានមកដល់ទីតាំងហើយដែរ ដើម្បីត្រៀមទទួលពលករដែលថៃបញ្ជូនមក។

សូមបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ  ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដែលកំពុងផ្ទុះឡើងខ្លាំង  ដែលមាន៦៧៦ករណីក្នុង១ថ្ងៃនៅខេត្តសាមុតសាខន ប្រទេសថៃ ។

ខេត្តទាំង៧ដែលជាប់ព្រំដែនជាមួយថៃនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្តកោះកុង ។ តាមរយៈនៃការឆ្លងcovid-19 នៅប្រទេសថៃ មានចំនួនច្រើន ទើបសម្ដេចតេជោ ហ៊ុន សែន សូមឱ្យអាជ្ញាធរ សមត្ថកិច្ច យកចិត្តទុកដាក់រៀបចំកន្លែងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ក្នុងនោះសម្ដេចបានជួយឧបត្ថម្ភប្រាក់បន្ថែមដែលមានពីមុនស្រាប់ក្នុងមួយខេត្តចំនួន ៥០លានលានរៀល សម្រាប់ចាត់ចែងធ្វើកិច្ចការទាំងអស់នោះ។

សម្ដេចក៏បានថ្លែង កាលពីម្សិលមិញផងដែរថា តាមរយៈសារជាបន្ទាន់មួយ គឺសូមឱ្យបងប្អូន ជាកម្មករ កម្មការិនី កំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ កុំមានការភ័យខ្លាចចល័តចេញពីកន្លែងរស់នៅរបស់ខ្លួន ដើម្បីទុកឱកាសឲ្យរាជរដ្ឋាភិបាលថៃមានវិធានការទប់ស្កាត់។ ម្យ៉ាងទៀតប្រទេសថៃអាចគ្រប់គ្រងស្ថានភាពចការឆ្លងកូវីដ-១៩ បានដោយមានប្រសិទ្ធភាព ខណៈប្រទេសថៃមានអ្នកឆ្លងត្រឹមតែជាង៤ពាន់នាក់ និង៦០នាក់បានស្លាប់ ។ សូមបញ្ជាក់ថា ប្រទេសថៃមានប្រជាពលរដ្ឋប្រមាណជាង៦០លាននាក់ កន្លងទៅការគ្រប់គ្រង covid-19 មានលក្ខណៈល្អប្រសើរ៕ 

ដោយ៖សិលា


ចែករំលែក៖