ព័ត៌មានទាន់ហេតុការណ៍៖

ពលករជនជាតិថៃរាប់រយនាក់ចំណាកស្រុក នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរកឃើញភាគច្រើនស្លាប់

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីរបាយការណ៍របស់មូលនិធិថូមសុនរ៉យទ័រ(Thomson Reuters Foundation) បានបញ្ជាក់ថា ពលករចំណាកស្រុកជនជាតិថៃដែលគ្មានឯកសារត្រឹមត្រូវ(ចំណាកស្រុក) រាប់រយនាក់បានស្លាប់នៅកូរ៉េខាងត្បូង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើជោគវាសនារបស់ជនចំណាកទាំងនោះ ដែលត្រូវបានគេស្គាល់ថាជា«ខ្មោចតូច»

ជាក់ស្តែងបើតាមសារព័ត៌មាន Bangkok Post នៅយប់ថ្ងៃអង្គារ ទី២២ខែធ្នូ ឆ្នាំ២០២០ បានដកស្រង់តាមទិន្នន័យពីស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូល ដែលទទួលបានតាមរយៈការស្នើសុំសេរីភាពនៃសារព័ត៌មានដែលហៅកាត់ថា FOI បានបង្ហាញឲ្យដឹងថា មានជនជាតិថៃយ៉ាងហោចណាស់៥២២នាក់ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥មកខណៈដែល ៨៤% នៃពួកគេគឺមិនមានឯកសារត្រឹមត្រូវនោះទេ។ ហើយ៤នាក់ក្នុងចំណោម ១០នាក់នៃការស្លាប់នេះទៀតសោត គឺត្រូវបានគេកត់សម្គាល់ថា កើតឡើងដោយមិនដឹងពីមូលហេតុច្បាស់លាស់ ខណៈអ្នកផ្សេងទៀតបណ្តាលមកពីគ្រោះថ្នាក់ និងការធ្វើអត្តឃាត។

បើតាមទិន្នន័យ ដែលទទួលបានពីស្ថានទូតថៃថ្មីៗនេះ បានបញ្ជាក់បន្ថែមថាចំនួននៃការស្លាប់របស់កម្មករថៃនៅកូរ៉េខាងត្បូង បានឈានដល់កំរិតខ្ពស់ប្រចាំឆ្នាំ២០២០នេះ ពោល គឺមានរហូតដល់ ១២២នាក់ បើគិតត្រឹមពាក់កណ្តាលខែធ្នូនេះ ខណៈដែលការព្រួយបារម្ភ កាន់តែមានខ្លាំងឡើងជុំវិញផលប៉ះពាល់នៃការរាតត្បាត COVID-19 លើលក្ខខណ្ឌការងារ។

ជុំវិញករណីខាងលើនេះដែរ អ្នកឯកទេសផ្នែកពលកម្មចំណាកស្រុក នៃអង្គការពលកម្មអន្តរជាតិ លោក Neelam Barouh បានមានប្រសាសន៍ថា៖ «ទិន្នន័យនេះ វាបង្កជាក្តីបារម្ភជាខ្លាំង និងងទាមទារការយកចិត្តទុកដាក់និងការស៊ើបអង្កេតជាបន្ទាន់» មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា«ពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ ត្រូវបានគេមើលឃើញថាមានការការពារតិចតួច ខណៈដែលសុខភាពនិងសុវត្ថិភាពរបស់ពួកគេ គឺជាក្តីកង្វល់មួយ»

ដោយឡែកទាក់ទិននឹងករណីខាងលើ បើយោងតាមរបាយការណ៍ពីក្រសួងការបរទេសថៃ ក៏បានបញ្ជាក់ដែរថា យ៉ាងហោចណាស់ មានប្រជាជនថៃចំនួន ៤៦០,០០០នាក់ កំពុងធ្វើការនៅបរទេសទាំងស្រប់ច្បាប់និងខុសច្បាប់។ ប្រទេសកូរ៉េខាងត្បូង ជាទិសដៅទីមួយ ខណៈដែលប្រទេសនេះជាកន្លែងសម្រាប់ជនអន្តោរប្រវេសន៍ថៃ ប្រមាណ ១៨៥,០០០នាក់៕

ដោយ៖ស តារា


ចែករំលែក៖