អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ទ្វីបអង់តាកទិក បានក្លាយជាទ្វីបចុងក្រោយដែលឆ្លងជំងឺកូវីដ-១៩។ ខណៈដែលអាជ្ញាធរឈីលី បានប្រកាសពីករណីឆ្លងជំងឺកូវីដ-១៩ លើមនុស្សយ៉ាងហោចណាស់ ៥៨នាក់ នៅលើទ្វីបអង់តាកទិក និងនៅលើនាវាធ្វើដំណើរទៅទ្វីបអង់តាកទិក។
ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ យោងតាមការប្រកាសរបស់យោធាឈីលី បានបញ្ជាក់ថា មនុស្សចំនួន ៣៦នាក់ ឯនៅមូលដ្ឋានយោធា General Bernardo O’Higgins Riquelme ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមមនុស្សចំនួន៣៦នាក់ ២៦នាក់ ជាយោធា និង១០នាក់ជាបុគ្គលិកស៊ីវិល។
ក្រៅពីករណីឆ្លងនៅបន្ទាយខាងលើ ឈីលី ក៏រកឃើញករណីឆ្លង២១នាក់ទៀត ដែលមានពាក់ព័ន្ធនឹងមនុស្សធ្វើការនៅលើនាវាផ្គត់ផ្គង់គ្រឿងបរិក្ខារSergeant Aldea ដែលបានធ្វើដំណើរទៅកាន់ទ្វីបអង់តាកទិក។ បុគ្គលិកលើនាវានេះ មានចំនួន ២០៨នាក់។ ជាមួយគ្នានេះ ករណីឆ្លងមួយទៀត ត្រូវបានអាជ្ញាធរឈីលីរកឃើញនៅក្នុងភូមិ Las Estrellas នៃទ្វីបអង់តាកទិកដែរ។ករណីឆ្លងសរុប អង់តាកទិក មានយ៉ាងហោចណាស់ចំនួន ៥៨នាក់ហើយ។
សូមជម្រាបថា គិតមកត្រឹមពេលនេះ គ្រប់ទ្វីបទាំងអស់ សុទ្ធតែមានករណីឆ្លងកូវីដ-១៩ បន្ទាប់ពីទ្វីបអង់តាកទិក មានករណីឆ្លងដែរ។ ពីមុនមកគ្មានរបាយការណ៍ណាមួយ បង្ហាញថាទ្វីបអង់តាកទិកមានករណីឆ្លងកូវីដ-១៩ឡើយ។
ដោយឡែកបើតាមការអះអាងពីមូលនិធិវិទ្យាសាស្ត្រជាតិ ដែលជាទីភ្នាក់ងាររបស់អាមេរិកនៅទ្វីបអង់តាកទិក បានបញ្ជាក់ថា ខ្លួនក៏បានដឹងពីករណីឆ្លងនេះ ប៉ុន្តែបុគ្គលិករបស់ខ្លួនក៏មិនបានពាក់ព័ន្ធជាមួយអ្នកជំងឺទាំងនោះទេ។
គួរបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ពិភពលោកមានករណីឆ្លងសរុបចំនួនជាង ៧៨លានករណី អ្នកស្លាប់មានជាង ១,៧នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៥៥លាននាក់៕ដោយ៖ស តារា