ប្រទេសជាច្រើននៅលើពិភពលោកបានសម្រេចលុបចោលពិធីទទួលឆ្នាំថ្មី និងបាញ់កាំជ្រួចភ្ញីភ្លើង ក្នុងនោះមានឥណ្ឌូនេស៊ីជាដើមបានសម្រេចលុបចោលទាំងស្រុងឲ្យពលរដ្ឋទទួលឆ្នាំថ្មីនៅផ្ទះ។
ដោយឡែក នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីវិញពិធីបាញ់កាំជ្រួចភ្ញីភ្លើងល្អបំផុតនៅលើពិភពលោកនឹងបន្តធ្វើឡើងដូចរៀងរាល់ឆ្នាំ ។ អភិបាលរដ្ឋNew South Wales (NSW) លោក ស្រីGladys Berejiklian នៅថ្ងៃទី២៤ខែធ្នូបានប្រកាសថា ពិធីបាញ់កាំជ្រួចនៅតែរៀបចំឡើងដដែលនាយប់ថ្ងៃទី៣១ខែធ្នូ ដើម្បីទទួលឆ្នាំថ្មី ទោះបីបច្ចុប្បន្ននៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី នៅមានករណីឆ្លងកូវីដ-១៩ក្តី។
អភិបាលរដ្ឋ Gladys Berejiklian បញ្ជាក់ថា ពិធីបាញ់កាំជ្រួចមានរយៈពេល៧នាទីនៅលើស្ពានផ្ទះអូប៉េរ៉ា (opera house) នៅតែធ្វើឡើងដូចដើមមិនថាស្ថានភាពបែបណាឡើយ ប៉ុន្តែលោកស្រីក៏បានស្នើដល់ពលរដ្ឋឲ្យមើលការបាញ់កាំជ្រួចនៅផ្ទះ តាមកញ្ចក់ទូរទស្សន៍វិញ។
អភិបាលរដ្ឋ NSW បានបញ្ជាក់ថា នឹងរៀបចំទីតាំងសម្រាប់ក្រុមការងារជួរមុខប្រឆាំងកូវីដ-១៩មើលការបាញ់កាំជ្រួច។ ចំពោះពលរដ្ឋ ចូលរួមវិញ ក៏ត្រូវរក្សាគម្លាតពីគ្នាផងដែរ។
មន្ត្រីរដ្ឋNSW បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកបានរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៧នាក់។ ពាក់ព័ន្ធ និងការឆ្លងនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនិធ្វើឲ្យចំនួននៃការឆ្លងកើនឡើងដល់ទៅ១០៤នាក់ ក្នុងនោះមានពីរនាក់មិនដឹងប្រភព។
ចំណែកអភិបាលក្រុងស៊ីដនីវិញលោក Lord Clover Moore បានលើកឡើងថា គួរតែលុបចោលពិធីបាញ់កាំជ្រួច ប្រសិនបើកម្លាំងប៉ូលិសនិងក្រសួងសុខាភិបាលមិនធានាថាព្រឹត្តិការណ៍នោះធ្វើឡើងដោយសុវត្ថិភាព ។
កាលពីឆ្នាំ២០១៩ ពិធីបាញ់កាំជ្រួច ទាក់ទាញពលរដ្ឋអូស្ត្រាលីជាង១លាននាក់ចូលរួមទស្សនា និងជាង១ពាន់លាននាក់មើលការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ជុំវិញពិភពលោក៕
ដោយ៖ធី រីណា