ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប៖​ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់​អាចនឹងពិបាកក្នុងការ​ធ្វើដំណើរក្នុងតំបន់

ចែករំលែក៖

ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។​ ប៉ុន្តែប្រទេសមួយចំនួន​បានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។
ជាក់ស្តែងប្រទេស​អេស្ប៉ាញ​​ក្រសួងសុខាភិបាលប្រទេសនេះបានបង្កើត​បញ្ជីឈ្មោះ​ពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បើទោះបីទទួលបានសំណើពី​មន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប​ ប៉ុន្តែឯកសារនោះមិនបាន​ប្រកាសជាសាធារណៈឡើយ។
ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំង​អាច​ជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។​ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី​២៨ខែធ្នូ។
តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ​លោកSalvador Illa បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ​-១៩​ បានចាប់ផ្តើមនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប​ តាំងពី​ចុងសប្តាហ៍កន្លងមក ហើយការចាក់វ៉ាក់សាំង គឺមិនបង្ខិតបង្ខំឡើយ ។ លោកបន្តទៀតថា «យើងនឹងបង្កើតបញ្ជីឈ្មោះ​សម្រាប់អ្នកមិនព្រមចាក់វ៉ាក់សាំង​ ហើយចែករំលែកបញ្ជីឈ្មោះនោះជាមួយប្រទេសជាសមាជិក»។
ប៉ុន្តែឯកសារនោះ​មិនប្រកាសជាសាធារណៈនោះឡើយ​​ ហើយមន្ត្រីជាន់ខ្ពស់មួយចំនួនដែលមិនមានកាតព្វកិច្ច​ក៏មិនអនុញ្ញាតឲ្យមើលឯកសារនោះដែរ។ ​តាមការស្ទង់មតិ​កាលពីដើមខែធ្នូ ពលរដ្ឋអេស្ប៉ាញ មិនបានត្រៀមលក្ខណៈចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​បានថយចុះពី​៤៧ ភាគរយ​នៅសល់តែ​២៨ភាគរយប៉ុណ្ណោះ​។ ដូច្នេះគិតមកដល់ចុងខែធ្នូនេះ មានពលរដ្ឋអេស្ប៉ាញតែ​២៨ភាគរយប៉ុណ្ណោះ មិនចង់ចាក់វ៉ាក់សាំងកូវីដ​-១៩​។
តាមតួលេខរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ​​ ចំនួនអ្នកឆ្លងកូវីដ​-១៩​ក្នុងប្រទេសនេះ​កើនឡើងដល់ជាង​១,៩លាននាក់ និងស្លាប់ ជាង​៥០ពាន់នាក់គិតត្រឹមថ្ងៃទី​២៨ខែធ្នូ ។ រដ្ឋាភិបាលអេស្ប៉ាញបានប៉ាន់ប្រមាណថា នឹងមានពលរដ្ឋយ៉ាងតិច​១៥-២០លាននាក់ ក្នុងចំណោមពលរដ្ឋសរុប ៤៧ លាននាក់ទទួលបានការចាក់វ៉ាក់សាំង ក្នុងរយៈពេលពីពេលនេះដល់ខែមិថុនាឆ្នាំ​២០២១៕

ដោយ៖ធី រីណា


ចែករំលែក៖