ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុង ភោជនីយដ្ឋាន «ហេង ហេង» ក្រោយពីប្តីប្រពន្ធមួយគូបានផ្ទុះជម្លោះនឹងគ្នា ។
ភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២១A ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ករណីផ្ទុះអាវុធនេះគឺផ្តើមឡើងដោយជម្លោះរវាងប្តីនឹងប្រពន្ធ ធ្វើអោយជនសង្ស័យជាប្តីឈានដល់ការផ្ទុះអាវុធនេះឡើងតែម្តង ។
ជាមួយគ្នានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ ចំណែកភោជនីយដ្ឋាន «ហេង ហេង» ត្រូវបានសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្នផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បន្ថែមបានទេ ដោយសារលោកប្រាប់ថាកំពុងជាប់ប្រជុំ ។
តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយបានអះអាងប្រាប់ថា ជនបង្កគឺមានឈ្មោះ វីរៈ ជាតៃកុងឡានថ្នាក់ដឹកនាំមួយរូប ដែលពេលនេះកំពុងមានអ្នករត់ការដើម្បីបញ្ចប់រឿង ៕ ដោយ៖ឆ ដា