ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ២នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួនក្រោយពីលួចម៉ូតូគេក្នុងបន្ទប់ជួលបាន៣ថ្ងៃរួចមក។ ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត រ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមានចំនួន២នាក់៖
ទី១-ឈ្មោះ សំ ភាព ហៅទូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល (ឃាត់ខ្លួន) និងទី២-ឈ្មោះ រុន ពៅ ហៅហ្វុងឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកSIRIUS ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ លេខតួ០០២៤១៧ លេខម៉ាស៊ីន០០៥៥២៣ គ្មានឯកសារពន្ធនាំចូល (ជារបស់ជនរងគ្រោះ),ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១១០ ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ លេខតួ៨០០៨៣១៩ លេខម៉ាស៊ីន៨០០៨៣១៩ ពាក់ស្លាកលេខភ្នំពេញ ១BF-១៣៨៥ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព),ម៉ូតូមួយគ្រឿង ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៤ លេខម៉ាស៊ីន០១០៧០០៩ ពាក់ស្លាកលេខកំពង់ស្ពឺ ១P-០៧២០ (ជារបស់ជនសង្ស័យ)និងទូរស័ព្ទចំនួនពីរគ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនដោយបានផ្ញើឲ្យឈ្មោះតេង លីផេងមើលឲ្យផង ហើយក៏ចេញទៅលេងស្រុកកំណើតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទីឈ្មោះ តេង លីផេង បានតេសួរជនរងគ្រោះថាមានឲ្យនរណាមកយកម៉ូតូអត់? ហើយជនរងគ្រោះឆ្លើយប្រាប់ថាអត់ទេ។ ភ្លាមនោះឈ្មោះ តេង លីផេង ក៏បានទៅប្រាប់ម្ចាស់ផ្ទះជួល ហើយបានឆែកកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះយកទៅបាត់តែម្តងទៅ ។ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅក្បែរចំណុចកើតហេតុ ក៏ត្រូវជនរងគ្រោះនិងសាក្សីបានឃាត់ខ្លួនហើយរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ