ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិជប៉ុនម្នាក់​ ​លួច​ចូល​រាជវាំង Akasaka ​រយៈពេល​ពីរ​ម៉ោង​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកជប៉ុនបាននិយាយថាអាជ្ញាធរជប៉ុនបានចាប់ឃាត់ខ្លួនបុរសជនជាតិជប៉ុន​ ​វ័យ២៩ឆ្នាំម្នាក់ នៅយប់ថ្ងៃទី ខែមករាឆ្នាំ២០២១បន្ទាប់លួចចូលរាជវាំង Akasaka ក្នុងទីក្រុងតូក្យូ ដែលជារាជដំណាក់អធិរាជ ណារូហ៊ីតុ និងរាជវង្សឯទៀតអស់រយៈពេលពីរម៉ោង

បើតាមបណ្ដាញទូរទស្សន៍ Fuji News Network បានបញ្ជាក់ទៀតថាបុរសដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានលួចចូលរាជវាំងAkasaka ដែលជារាជដំណាក់អធិរាជជប៉ុន និងសមាជិករាជវង្សឯទៀតគង់នៅ តាមរយៈច្រកផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវបរទេសរាជវាំងAkasaka ត្រូវបានការពារយ៉ាងតឹងរ៉ឹង ព្រោះជាដំណាក់របស់អធិរាជផ្ទាល់

ទូរទស្សន៍ខាងលើបញ្ជាក់ថា បុរសខាងលើ ដែលត្រូវបានរាយការណ៍ថា សំងំក្នុងបរិវេណរាជវាំងពីរម៉ោង ត្រូវបានចាប់ខ្លួនដោយឆ្មាំការពារនៅក្បែរដំណាក់ព្រះអង្គម្ចាស់ Yuriko ដែលជាត្រូវជាម្ចាស់មីងទួតរបស់អធិរាជ ណារូហ៊ីតុ ខណៈរូបគេបានលួចចូលពេលមិនមានអ្នកការពារនៅច្រកចូល

ដោយឡែកបេីតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយទៀត TBS News រាយការណ៍ដែរថា បុរសរូបនោះចង់ជួបសមាជិករាជវង្សទើបលួចចូលបែបនេះ មកទល់ពេលនេះ មិនមានរបាយការណ៍ថា រូបគេបានជួបសមាជិករាជវង្សអង្គណាមួយអត់ឡើយ ហើយសារព័ត៌មានជប៉ុនផ្សាយថាមិនមានអ្នករងរបួសអ្វីទេក្នុងហេតុការណ៍នេះ

គួរបញ្ជាក់ដែរថាការលួចចូល ប៉ុនប៉ងចូលរាជវាំងជប៉ុន មិនមែនជារឿងថ្មីឡើយ ដោយអ្នកប៉ុនប៉ងមានទាំងជនជាតិជប៉ុន និងជនបរទេសផងកាលពីខែឧសភា ឆ្នាំ២០២០ បុរសជប៉ុនម្នាក់ក៏ត្រូវចាប់ខ្លួនក្រោយហែលឆ្លងគូទឹក ហើយផ្លោះកំពែងវាំងទីក្រុងតូក្យូ រួចចូលដល់បរិវេណហាមឃាត់ទៀតផង

ដោយ៖សតារា(រូបភាព Visit Manato City)


ចែករំលែក៖