ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោកផ្កាយ១ ហេង គាហុង យកកាំភ្លើងវាយក្បាលសន្ដិសុខនៅស្រុកអង្គស្នួល មហាជនចង់ឲ្យផ្ដន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្ក កុំមានវប្បធម៌អន្តរាគមន៍

ចែករំលែក៖

ខេត្តកណ្ដាល៖ ជើងខ្លាំងជាយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខបណ្ដាលឲ្យដួលសន្លប់នោះ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅអយ្យការយោធា ។ ជនបង្កខាងលើបានធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត ចំពោះទង្វើអសីលធម៌ និងប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរបំផុត។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៤ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធាដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យារពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បាតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា  ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បាយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ចមេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម។

គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

សូមជម្រាបជូនថា បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានភ្លាមៗ និងធ្វើកំណត់ហេតុស្ដាប់ចម្លើយដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ 

ប្រភពគួរឱ្យជឿទុកចិត្តបញ្ជាក់ថា លោកផ្កាយ១ ហេង គាហុង ជាម្ចាស់គ្លីនិកខាងលើផង ជាប្អូនថ្លៃថ្នាក់ដឹកនាំមួយរូបទៀតផង ដែលមតិមួយចំនួនបានលើកឡើងថា តើស្ថាប័នតុលាការអាចចាត់ការក្នុងរឿងនេះ ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងលុបបំបាត់និទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសក្នុងសង្គមបានដែរឬទេ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះ។

អំពើដ៏ឃោរឃៅមួយនេះ ប្រជាពលរដ្ឋរង់ចាំមើលពីវិធានការអនុវត្តច្បាប់ទៅលើជនបង្ក តើត្រូវរួចខ្លួន ឬត្រូវធ្វើការផ្ដន្ទាទោស? និងសូមសរសើរចំពោះចំណាត់ការរបស់នគរបាលស្រុកអង្គស្នួលខេត្តកណ្ដាល ដែលចាត់ការឃាត់ខ្លួនជនបង្កបានទាន់ពេលវេលា៕

ដោយ៖សុខ ខេមរា


ចែករំលែក៖