ព័ត៌មានទាន់ហេតុការណ៍៖

សត្វចាបព្រៃដ៏កម្រស្ទើរផុតពូជនៅកម្ពុជា បានបង្ហាញខ្លួនឡើងវិញមានប្រមាណ២០ក្បាលនៅតំបន់អភិរក្សទេសចរណ៍បឹងព្រែកល្ពៅ ខេត្ដតាកែវ

ចែករំលែក៖

        ខេត្តតាកែវ៖  ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្រ្តីសម្របសម្រួលអង្គការBird Life និង លោក ឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាប ព្រៃប្រមាណជាង២០ក្បាលនៅតំបន់ទេសចណ៍ និងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្ដតាកែវ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ ក្នុងពេលដែលក្រុមការងារចុះទៅកត់ត្រាសត្វក្រៀលកាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ 

   ការបង្ហាញខ្លួនរបស់ចាបព្រៃនេះ  បង្ហាញឱ្យឃើញថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាប ទឹកជាច្រើនប្រភេទ ដូចជាក្រៀល ចង្កៀលខ្យង រនាលពណ៌ ត្រដក់ និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជាសត្វចាបព្រៃនេះជាដើម។ ដោយឡែកការទន្រ្ទានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកម្រិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

    លោក ឈឿន សុជាតិ បានបញ្ជាក់ថា សត្វចាបព្រៃ គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យ ដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា រហូតដល់រដូវត្រជាក់ ពួកវាត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្ន វត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ក្បាលក៏មាន។

      សូមបញ្ជាក់ថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យ លេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ៕ ដោយសំរិត


ចែករំលែក៖