ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មួយគ្រឿងបើក​បុក​ម៉ូតូ​ពីក្រោយ ​កិន​​បែកក្បាលធ្លាយខួរបុរស​ម្នាក់ស្លាប់​យ៉ាងអាណោចអាធ័មបំផុត

ចែករំលែក៖

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវថយន្តកិនបែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ បន្ទាប់​ជិះ​ម៉ូតូ​មួយគ្រឿងត្រូវ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ស្លាកលេខ បើក​មក​បុក​ពីក្រោយរួច​ហើយកិន​ចំ​ពីលើ​ក្បាល​។ ចំណែក​រថយន្ត​បង្ក​បានបង្កើនល្បឿនបើក​ទៅមុខ​បាត់​​ស្រមោល។​

​ហេតុការណ៍​នេះ កើតឡើង​កាល​ពីវេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រឈានចូលថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​កងពលតូច ៧០ ក្នុង​សង្កាត់​ចោមចៅទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះដែលស្លាប់​មានឈ្មោះ ខឿន ខាវ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅភូមិ​តាខ្មៅ ឃុំ​ក​ន្សោ​ង​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មានពីកន្លែងកេីតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ចាំ​ស្លាកលេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូងក្នុងល្បឿនលឿន ខណៈ​មកដល់​ចំណុច​កើត​ខាងលើ បាន​បុក​ម៉ូតូ​ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1IE-1696 ជិះ​ដោយ​យុវជន​ម្នាក់ ពីក្រោយពេញទំហឹងនិង​កិន​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​គួរ​ឲ្យ​រន្ធត់​បំផុត។ចំណែក​រថយន្ត​បង្កមិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល​។​ 

      សមត្ថកិច្ចបាន​យកម៉ូតូទៅ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលខណ្ឌរង់ចាំស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖