ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សា នៅក្នុងវិមានសភាសហរដ្ឋអាមេរិក​ បានធ្វេីឲ្យមនុស្ស៤នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន​។ នេះបេីតាមការអះអាងពីប៉ូលីសអាមេរិក។

បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១​ បានចុះផ្សាយដោយដកស្រង់សម្តី​ លោក រ៉ូប៊ឺត ខុសធី (Robert Contee) មេបញ្ជាការប៉ូលីសនៃរដ្ឋធានីវ៉ាស៉ីនតោន​ បានប្រាប់សារព័ត៌មាននៅអាមេរិកថា៖ ក្នុងហេតុការណ៍ចលាចលខាងលើ​ កាលពីថ្ងៃពុធម្សិលមិញនេះ (ពេលវេលានៅអាមេរិក) ចំនួនអ្នកស្លាប់រួមមាន៖​ ស្រ្តីម្នាក់ដែលត្រូវបានប៉ូលីសការពារវិមាន Capitol Hill បាញ់ចំ និង ០៣នាក់ផ្សេងទៀត បានបាត់បង់ជីវិតពេលសង្រ្គោះបន្ទាន់។

សូមជម្រាបថា​ ក្រុមបាតុករបានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរ​ នៅរសៀលថ្ងៃពុធម្សិលមិញនេះអស់រយៈពេល រាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។

គួរបញ្ជាក់ថា​ ប៉ូលីសអាមេរិក​ ក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋផងដែរ។ ចំណែកនៅក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន៕ដោយ៖ស​ តារា


ចែករំលែក៖