នៅល្ងាចថ្ងៃទី៧ខែមករា នាយករដ្ឋមន្ត្រីជប៉ុន លោកSuga Yoshihide បានសម្រេចប្រកាសអាសន្ននៅរដ្ឋធានីតូក្យូ និងខេត្តចំនួន៣ទៀតក្នុងរយៈពេល១ខែ។ ច្បាប់អាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃទី៨ខែមករា ដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ ។
ការសម្រេចខាងលើកើតឡើង ក្រោយពេលជប៉ុនមានករណីឆ្លងកូវីដ-១៩ខ្ពស់ គឺមានដល់ទៅជាង៦ពាន់នាក់ក្នុងរយៈពេលតែ១ថ្ងៃដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ នៅរដ្ឋធានីតូក្យូ និងខេត្តជិតខាងចំនួន៣ មានអ្នកឆ្លងដល់ទៅជាង៣ពាន់នាក់ ក្នុងចំណោម៦ពាន់នាក់។
លោក Nishimura បានគូសបញ្ជាក់ថា នៅក្នុងគ្រាប្រកាសអាសន្ន ភោជនីយដ្ឋានក៏ដូចជាបារនីយដ្ឋាន នឹងត្រូវស្នើឲ្យបិទទ្វារនៅត្រឹមម៉ោង៨ៈ០០នាទីយប់ ហើយប្រជាជននឹងត្រូវស្នើឲ្យចៀសវាងចេញទៅក្រៅដោយគ្មានភាពចាំបាច់បន្ទាន់ ។
នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានធ្វើសន្និសីទសារព័ត៌មានមួយនៅម៉ោង៦ល្ងាច (ម៉ោងនៅប្រទេសជប៉ុន) ដើម្បីប្រកាសជាផ្លូវការនូវការសម្រេចចិត្តខាងលើ ព្រមទាំងវិធានការរឹតត្បិតដែលនឹងត្រូវដាក់ចេញនៅទីក្រុងតូក្យូ និងខេត្តជិតខាងទាំង៣ ដូចជាខេត្ត Saitama, Kanagawa, និងChiba។ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តជប៉ុន បាននិយាយថា ពួកគេខ្លាចថា ផែនការរបស់រដ្ឋាភិបាលប្រហែលជាមិនគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 នេះទេ ព្រោះនាពេលបច្ចុប្បន្ននេះ ករណីឆ្លងថ្មីៗបានកើនឡើងខ្ពស់គួរឲ្យបារម្ភនៅទូទាំងប្រទេស។
តាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៥២,៣១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៧១៩នាក់ និងជាសះស្បើយ ២០៧,០៣៩នាក់ ។ ជប៉ុនមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយទេ បើទោះបីរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុន អាមេរិក Pfizer AstraZeneca និង Moderna មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃក៏ដោយ៕
ដោយ៖ធី រីណា(រូបភាព៖ TTXVN)