ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនប៊ូអុីងរងការពិន័យជាទឹកប្រាក់២,៥ពាន់លានដុល្លារ ពាក់ព័ន្ធករណីធ្លាក់យន្តហោះ 737 Maxពីរគ្រឿង

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនប៊ូអុីងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋហើយនឹងត្រូវបង់ប្រាក់ពិន័យចំនួន ២,៥ ពាន់លានដុល្លារពីការកុហករដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក(FAA) ពាក់ព័ន្ធករណីធ្លាក់យន្តហោះដឹកអ្នកដំណើរពីរគ្រឿងប្រភេទ​737 Max ។
តាមគេហទំព័រ CNBC ក្រុមហ៊ុន​ប៊ូអុីង​ត្រូវបង់ពិន័យជាទឹកប្រាក់​២,៥ ពាន់លានដុល្លារ ក្នុងនោះមានទឹកប្រាក់ ២៤៣,៦ លានដុល្លារ ពិន័យពីបទឧក្រិដ្ឋ និង​១,៧៧ពាន់លានដុល្លារ​សងដល់បណ្តាក្រុមហ៊ុនដែលទិញយន្តហោះ​737 Max ។ ក្រៅពីនេះនៅមានទឹកប្រាក់ ៥០០លានដុល្លារ​សងដល់គ្រួសារជនរងគ្រោះ​ក្នុងគ្រោះថ្នាក់ពីរលើកនៅឆ្នាំ​២០១៨ និង​ឆ្នាំ២០១៩។
ជាមួយនឹងការយល់ព្រមបង់ពិន័យ​ ក្រសួងយុត្តិធម៌អាមេរិក​សម្រេចផ្អាករាល់ការស្រាវជ្រាវ អូសបន្លាយរយៈពេល​២ឆ្នាំកន្លងមក និងបញ្ឈប់រាល់ការចោទប្រកាន់ទៅលើក្រុមហ៊ុននេះ។ កន្លងមក​ក្រុមរដ្ឋអាជ្ញាអាមេរិក​បានចោទប្រកាន់​ក្រុមហ៊ុនប៊ូអុីងមានចេតនា​កុហក អាមេរិក ពេលរារាំង FAA វាយតម្លៃពីកម្រិតសុវត្ថិភាពយន្តហោះប្រភេទ737 Max។
យន្តហោះប្រភេទ​737 Max ត្រូវបានហាមប្រាមហោះហើរ តាំងពី​ខែមីនាឆ្នាំ​២០១៩​។ មកដល់ខែធ្នូឆ្នាំ​២០២០​ យន្តហោះប្រភេទ​737 Max ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនGol Airlines របស់ប្រទេសប្រេស៊ីលបានហោះហើរមុនគេ​។ នៅក្នុងគ្រោះថ្នាក់កាលពីឆ្នាំ​២០១៨​និង​២០១៩ បណ្តាលឲ្យមនុស្សស្លាប់​សរុប ៣៤៦នាក់៕

ដោយ៖ធី រីណា(រូបភាព៖TL.)


ចែករំលែក៖