ព័ត៌មានទាន់ហេតុការណ៍៖

បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក។

ការឧបត្ថម្ភនេះ គឺជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីចូលរួមចំណែក ក្នុងការធានាអាហារហូបចុកប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ 

សូមបញ្ជាក់ថា អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានរួមចំណែកនាំយកបន្លែចម្រុះរបស់អង្គភាពផ្ទាល់ឧបត្ថម្ភជូនមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួកបានចំនួន ៣លើក និងស្រុកស្វាយចេកនេះចំនួន ១លើក ។

គួរកត់សម្គាល់ថា ការរួមចំណែករបស់កងពល ដើម្បីទប់ស្កាត់ និងការរីករាលដាលជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ កម្លាំងរបស់កងពលមួយផ្នែកបានបំពេញបេសកកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន ២៤ម៉ោង លើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ។

ក្នុងឱកាសនោះដែរ លោកប្រធានមណ្ឌលបានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែលបានជួយចែករំលែក និងការទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍៕

ដោយ៖សិលា


ចែករំលែក៖