សហគមន៍អន្តរជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់សកម្មភាពរបស់អុីរ៉ង់ក្នុងការផលិតគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីល បង្កគ្រោះថ្នាក់ដល់ប្រទេសក្នុងតំបន់។
ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ កាលពីថ្ងៃទី១៦ខែមករា បានចេញសេចក្តីប្រកាសរួម ស្តីពីភាពតានតឹងនៅតំបន់ឈូងសមុទ្រ ក្រោយអុីរ៉ង់ បានសាកល្បងមីស៊ីល ហើយធ្លាក់នៅក្បែនាវាផ្ទុកយន្តហោះរបស់អាមេរិក។ សកម្មភាពទាំងនោះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់តំបន់មជ្ឈិមបូព៌ាទាំងមូល និងនៅលើពិភពលោក។
កន្លងមកអុីរ៉ង់ក៏បានប្រកាស បង្កើនការផលិតសារធាតុអ៊ុយរ៉ានីញូម ក្នុងគោលដៅផលិតបរមាណូ ។ ប្រទេសក្នុងតំបន់អឺរ៉ុប បានអំពាវនាវដល់អុីរ៉ង បញ្ឈប់ជាបន្ទាន់ ហើយវិលត្រឡប់មកគោរពតាមគម្រោងធ្វើសកម្មភាពរួម ជាទ្រង់ទ្រាយ ដែលអុីរ៉ង់ បានព្រមព្រៀងជាមួយ ប្រទេស ៥+១ មានអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស បូកនិងអាល្លឺម៉ង់ ដែលបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥។ ប៉ុន្តែអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ បានដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ ទើបធ្វើឲ្យអុីរ៉ង់ បង្កើនសកម្មភាព ផលិតអាវុធទប់ស្កាត់ការវាយប្រហារ។
នៅពេលនេះ អុីរ៉ង់ ទើបតែបាញ់សាកល្បងកាំជ្រួចមីស៊ីល ដោយវាយប្រហារចំគោលដៅបានល្អនៅកណ្តាលមហាសមុទ្រឥណ្ឌា មានចម្ងាយ១៨០០គីឡូម៉ែត្រ ។ រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថានេះជាគោលដៅ អាទិភាពរបស់អុីរ៉ង់ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារ ក៏ដូចជា វាយប្រហារកម្ទេចនាវាចម្បាំង ក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះរបស់អាមេរិកផងដែរ។
សហគមន៍អន្តរជាតិសង្ឃឹមថា ក្នុងរដ្ឋកាលដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ទំនាក់ទំនងរវាងអាមេរិក ជាមួយអុីរ៉ង់និងល្អប្រសើរឡើងវិញ។ នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ពេលនោះលោកបៃឌិនគឺជាអនុប្រធានាធិបតីអាមេរិក ចំណែកពេលនេះលោកគឺជាប្រធានាធិបតី គឺជាក្តីសង្ឃឹមដើម្បីផ្សះផ្សាទំនាក់ទំនង៕ដោយ៖ធី រីណា