ភ្នំពេញ៖ រូបភាពនៃការបោកប្រាស់ជាច្រើនបាននិងកំពុងតែកើតមានឡើងនៅលើបណ្តាញសង្គមនានា។ រូបភាពបោកប្រាស់ថ្មីមួយត្រូវបានគេសង្ស័យថាជាអំពើបោកប្រាស់ដោយការយកវីដេអូរបស់តារាចម្រៀង ឆន សុវណ្ណារាជ ដែលធ្លាប់បានបង្ហោះជាច្រើនខែយកមកធ្វើការផ្សាយផ្ទាល់(Live) លើគណនីហ្វេសប៊ុកថ្មីមួយដាក់ឈ្មោះលោក និងឲ្យអ្នកបានចូលមើលធ្វើសកម្មភាពមួយចំនួន។
ការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ២០២១នេះ ។ ហ្វេសប៊ុកដែលគេសង្ស័យថាជាគណនីយក្លែងក្លាយបង្កើតដោយជនទុច្ចរិតនោះបានដាក់ឈ្មោះជាភាសាអង់គ្លេស Chhorn_ Sovannareach. និងបានប្រើប្រាស់រូបថតតារាចម្រៀងខាងលើ ដោយធ្វើការផ្សាយផ្ទាល់ឬ Live នូវវីដេអូសកម្មភាពកាត់នំខួបកំណើតរបស់លោកឆន សុវណ្ណារាជ ដែលគ្រានោះលោកទទួលបានប្រាក់កាដូពិសេស១ម៉ឺនដុល្លារអាមេរិករួមទាំងចញ្ចៀនពេជ្រមួយវង់ ដែលអ្នកគាំទ្រលោកធ្លាប់បានឃើញវីដេអូនេះចាប់តាំងពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២០មកម៉្លេះ។
ប្រភពពីអ្នកលេងហ្វេសប៊ុកម្នាក់ដែលបានឃើញវីដេអូនៃការLive នេះបានបញ្ជាក់ថាវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៨ខែមករានេះលោកបានឃើញវីដេអូខាងលើដោយម្ខាងជាវីដេអូរបស់លោកឆន សុវណ្ណារាជ និងម្ខាងជាងផ្ទាំងរូបដែលមានគូជាលេខព្រាលៗដើម្បីឲ្យអ្នកលេងហ្វេសប៊ុកទស្សទាយលេខនោះ។ ប្រភពថា នៅលើវីដេអូនោះគេបានប្រើប្រាស់ពាក្យមួយចំនួនថា “ខ្ញុំនឹងអោយលុយចំនួន៥ពាន់ដុល្លារដល់មនុស្ស៥០០នាក់ដំបូងដែលបានទាយលេខក្នុងរូបភាព”។ ក្រោយ Comment លេខ៥៧១ដែលជាលេខភ្ជាប់ក្នុងវីដេអូនោះភ្លាម សារមួយត្រូវបានផ្ញើមកលោកភ្លាម ដោយបានបញ្ជាក់ថា”អ្នកត្រូវបានជ្រើសរើសជាអ្នកឈ្នះ សូមចែករំលែកបន្តផ្ទាល់ដល់ក្រុមសកម្ម១០ទៅ២០ ប្រសិនបើបានចែករំលែករួចហើយសូមឆ្លើយតបរួចរាល់។ ដោយសង្ស័យថាជាករណីឆបោកលោកបានចូលទៅមើលលើគណនីនោះគឺមានអ្នកចូលចុច Like Page តិចតួចបំផុតនិងកាន់តែធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថាត្រឹមជាការឆបោក។ ប្រភពបានបន្តសារតបរួចរាល់ ទើបលេចសារថ្មីមួយភ្លាមថា ថាថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នកព្រោះឈ្មោះរបស់អ្នកត្រូវបានជ្រើសរើសទទួលរង្វាន់ជាសាច់ប្រាក់៥ពាន់ដុល្លារពីខ្ញុំ។ សារខាងលើក៏បានតម្រូវឲ្យបន្តចុចទៅកាន់ការភ្ជាប់មួយ ហើយដោយសង្ស័យកាន់តែខ្លាំងនិងបារម្ភនឹងការ Hack ចូលពីជនអនាមិកទើបលោកសម្រេចចិត្តសួរថាបោកមែន? ទើបធ្វើឲ្យគណនីយហ្វេសប៊ុកខាងលើធ្វើការប្លុកហ្វេសប៊ុកលោកមិនឲ្យភ្ជាប់ទំនាក់ទំនងទៅកាន់គណនីយហ្វេសប៊ុកនេះបានទើបលោកចាត់ទុកថាជាការបោកប្រាស់ ប៉ុន្តែលោកមិនបានដឹងទេថាបោកចង់បានអ្វីឲ្យពិតប្រាកដ។ ទោះជាយ៉ាងណានេះក៏ជាសារនៃការក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នលើទម្រង់នៃការបោកប្រាស់ថ្មីលើបណ្តាញសង្គមដែលអ្នកបានប្រើប្រាស់បច្ចុប្បន្ន។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀង ឆនសុវណ្ណារាជបាននៅឡើយទេដោយលោកមិនទាន់បានឆ្លើយតបសាររបស់អ្នកសារព័ត៌មានដែលបានផ្ញើទៅលោកតាមរយៈគណនីហ្វេសប៊ុកផ្លូវការនោះ៕
ដោយ៖ វឌ្ឍនា