ក្រុម FBI របស់អាមេរិក បានចាប់ខ្លួនស្ត្រីម្នាក់ដែលបានលួចកុំព្យូទ័រយួរដៃរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ដោយបម្រុងយកទៅលក់ឲ្យរុស្ស៊ី។ ការលួចកុំព្យូទ័រធ្វើឡើងនៅថ្ងៃទី៦ខែមករា ពេលក្រុមបាតុករវាយប្រហារចូលវិមានរដ្ឋសភាពេលកំពុងប្រជុំ។
នៅថ្ងៃទី១៨ ខែមករា ក្រុម FBI បានចាប់ខ្លួនស្ត្រីម្នាក់មានឈ្មោះថា Riley June Williams នៅទីក្រុង Pennsylvania ។ ក្រុម FBI បានចោទប្រកាន់ស្ត្រីខាងលើចូលទៅកាន់តំបន់ហាមឃាត់ មានសកម្មភាពហិង្សា បង្កអសន្តិសុខក្នុងវិមានកាពីតូលនៅថ្ងៃទី៦ខែមករា។
តាមសម្តីសារភាពរបស់ស្ត្រីខាងលើ គឺមានចេតនាយកកុំព្យូទ័ររបស់ប្រធានរដ្ឋសភាទៅលក់ឲ្យរុស្ស៊ី។ សាក្សីក៏បានផ្តល់ឃ្លីបព័ត៌មានស្តីពីស្ត្រីខាងលើលួចកុំព្យូទ័ររបស់ប្រធានរដ្ឋសភា ។ នៅពេលនេះ គឺមិនទាន់ដឹងថា នៅក្នុងកំព្យូទ័ររបស់ប្រធានរដ្ឋសភា មានឯកសារសំខាន់អ្វីខ្លះនោះឡើយ ដោយនោះជារឿងសម្ងាត់ ។
សូមបញ្ជាក់ថា អ្នកស្រី Williams គឺជាមនុស្សម្នាក់ក្នុងចំណោម១០០នាក់ ដែលត្រូវចាប់ខ្លួនដោយជាប់ពាក់ព័ន្ធអំពើហិង្សា បណ្តាលឲ្យមនុស្ស ៥នាក់ ស្លាប់ នៅវិមានកាពីតូល កាលពីថ្ងៃទី ៦ខែមករា ។ ពេលនោះក្រុមបាតុករសម្រុកចូលបំផ្លាញ ទ្រព្យសម្បត្តិក្នុងវិមានរដ្ឋសភា សូម្បីតែវេទិកា សម្រាប់ថ្លែងសុន្ទរកថា ក៏ត្រូវក្រុមបាតុកលួចយកទៅដែរ៕
ដោយ៖ធី រីណា(រូបភាព៖Getty)