ព័ត៌មានទាន់ហេតុការណ៍៖

មែកឈើធំៗនៅសួនឧទ្យានកាណាឌីយ៉ា ត្រូវបានយកចិត្ត ទុកដាក់ពី រដ្ឋបាលរាជធានីភ្នំពេញបានបន្ត ចុះកាត់មែកដែលធំចេញ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖​ ក្រុមសួនច្បារនិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅសួនឧទ្យានកាណាឌីយ៉ា តាមបណ្ដោយមហាវិថីក្រមួនស ជៀសវាងការបាក់រលំ ការបិទបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ និង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ដើម្បីសោភណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ដោយជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមសួនច្បារនិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តចុះកាត់នៅមូលដ្ឋានខណ្ឌដូនពេញ បន្តទៀត នៅតាមបណ្ដោយមហាវិថីក្រមួនស អមសងខាងផ្លូវ និងដើមឈើធំ លើសួនឧទ្យានកាណាឌីយ៉ា ចាប់ពីចំណុចស្តុប BKC រហូតដល់ចំណុច ស្តុបពេទ្យព្រះអង្គឌួង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន បានអោយដឹងថានៅព្រឹកថ្ងៃទី២០ ខែមករា នេះក្រុមការងារកំពុងចុះកាប់មែកឈើ ធំៗ តាមបណ្ដោយសួនឧទ្យានកាណាឌីយ៉ា ជៀសវាងការបាក់រលំសង្កត់ លើផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងដើម្បី សោភណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ។

សូមបញ្ជាក់ផងដែរ មែកឈើធំៗតែងតែបាំងបិទភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពិបាក​នឹង​មេីល​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍​ ព្រោះ​ត្រូវ​មែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង  បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្តាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖