អន្តរជាតិ៖ ក្រុមមន្រ្តីជំនាញសន្តិសុខនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសប្រុសស្រីមួយក្រុម មិនបានពាក់ម៉ាស់ធ្វេីដំណេីរតាមផ្លូវ ដែលជាការបំពានវិធានការទប់ស្កាត់ជំងឺ COVID-19 ឲ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។ ភ្ញៀវទេសចរខាងលេីនេះ ត្រូវបានគេបង្គាប់ឲ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរដោះលែងក្រោយ បានពីរទៅបីនាទី បន្ទាប់ពីនោះ។ នេះបេីយោងតាមការចុះផ្សាយរបស់ទំព័រ 9GAG។
ជាក់ស្តែងមានបុរស ២នាក់ ត្រូវបានគេមើលឃើញថាកំពុងធ្វើការអាវ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខ នៅពេលដែលពួកគេមិនបានពាក់ម៉ាស់នៅឯតំបន់ Badung នៅក្នុងរូបថត ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ Badung Regency ។
សូមជម្រាបថា ចំពោះការបំពានច្បាប់ស្ដីពីជំងឺ COVID-19 នៅលើកោះបាលីប្រហែល ៨,៨៦០ ត្រូវបានកត់ត្រាទុកក្នុងសប្តាហ៍នេះ ដែលភាគច្រើនមាននៅក្នុងតំបន់ទេសចរណ៍។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេពិន័យឱ្យធ្វើការអាវ៉ង់, បង្គាប់ឱ្យបោសសម្អាតផ្លូវ ឬ ពិន័យជាប្រាក់ ៧ដុល្លារ។
ដោយឡែកជុំវិញបញ្ហានេះដែរ ប្រធានប៉ូលិសសណ្តាប់ធ្នាប់សាធារណៈលោក Gusti Agung Kerta Suryanegara បាននិយាយថា មនុស្ស ៨០% ដែលបានរំលោភលើច្បាប់ទប់ស្កាត់ជំងឺឆ្លងនេះគឺជាជនបរទេស។ ចំពោះអ្នកដែលអះអាងថា មិនមានប្រាក់តាមខ្លួនដើម្បីបង់ប្រាក់ពិន័យ ពួកគេត្រូវបានស្នើសុំឱ្យធ្វើការអាវ៉ង់ ឬបោសសម្អាតតាមផ្លូវ ទោះបីជាជនបរទេសខ្លះចាត់ទុកថាវាជារឿងកំប្លែងក៏ដោយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកោះបាលី មានករណីជំងឺ COVID-19 ច្រើនជាង ២០,២៥៥ ករណី និងស្លាប់ ៥៧៩នាក់៕
ដោយ៖សហការី