ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១១៩៦ ម៉ែត្រ ក្នុងនោះមានប្រវែង ១០០០ ម៉ែត្រ មានទទឹង ៥ ម៉ែត្រ និងប្រវែង ១៩៦ ម៉ែត្រ មានទទឹង ៣.៥ម៉ែត្រ ស្ថិនៅភូមិក្អមសំណរលើ និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។
មានប្រសាសន៍ក្នុងពិធីនេះដែរ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកលើកដែក ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ហើយចំពោះផ្លូវមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួន ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះ ងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួល និងចំណេញថវិកា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ម្ដងទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ និងបើកបរដោយស្ថានភាពស្រវឹង៕
ដោយ៖ សិលា