ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្ត ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុននៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុន (Changwon City) សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមទទួលពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។  

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងឆាំងវ៉ុន (Changwon City) ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែករំលែកនូវសម្ភារប្រើប្រាស់ជាមធ្យោបាយរថយន្តពន្លត់អគ្គិភ័យចំនូន ៣គ្រឿងនេះ។ ក្នុងនាមប្រជាជន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមថ្លែង អំណរគុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន (Changwon City) ដែលបានផ្ដល់នូវអំណោយរថយន្តនេះ សម្រាប់ជួយកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គិភ័យក្នុងខេត្តព្រះសីហនុ។  

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាកៀរគររកជំនួយជារថយន្តពន្លត់អគ្គិភ័យជួយដល់ខេត្តព្រះសីហនុ និងបានទទួលរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងពីទីក្រុងឆាំងវ៉ុន (Changwon City) និងបានរៀបចំដឹកជញ្ជូនមកកាន់ខេត្តព្រះសីហនុ ហើយនៅថ្ងៃនេះយើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គិភ័យទាំង៣គ្រឿងនេះ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយពន្លត់បង្ការអគ្គិភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង។ 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មកដល់ពេលនេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង៕

ដោយ៖ សិលា


ចែករំលែក៖