ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំចុះអនុវត្តសាលដីកាសម្រេចរុះរើសំណង់រំលោភលើដីមានបណ្ណកម្មសិទ្ធិនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

      ភ្នំពេញ ៖ បន្ទាប់ពីមានការតវ៉ា និងប្រមូលផ្ដុំគ្នាដោយប្រជាពលរដ្ឋច្រើនគ្រួសារ ជាមួយនឹងការធ្វើសន្និសីទសារព័ត៌មានចំពោះវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាងដប់ឆ្នាំមក អាជ្ញាធរចម្រុះជាច្រើននាក់ បានការពារគ្រឿងចក្រ និងក្រុមជាងកម្មករ ដើម្បីចុះអនុវត្តដីកាសម្រេចជំនួសរុះរើសំណង់សហកូនបំណុលដែលបានសង់រំលោភលើដីរបស់អតីតប្រជាពលរដ្ឋចំនួន១៦៣គ្រួសារដែលបានលក់ទៅឲ្យក្រុមហ៊ុន បង្កឲ្យមានការភ្ញាក់ផ្អើល។ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាណាមួយរវាងប្រជាពលរដ្ឋនឹងសមត្ថកិច្ច តំណាងអយ្យការ អាជ្ញាសាលា និងអាជ្ញាធរនោះទេ។ 

សូមបញ្ជាក់ថា ការអនុវត្តដីកាសម្រេចនេះបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅលើទីតាំងដីទំនាស់ស្ថិតនៅក្នុងភូមិរោងចក្រទី១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ស៊ិន សុវណ្ណ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយ៉ាងច្រើនកុះករផងដែរ។ 

សមត្ថកិច្ចបានបញ្ជាក់ថា  ការប្រើកម្លាំងរុះរើសំណង់រោងខ្ទមនេះ ធ្វើឡើងតាមអំណាចដីកាជំនួសសម្រេចអនុវត្តជំនួស លេខ ១៦«ត» អ.រ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។

ជុំវិញការអនុវត្តខាងលើនេះ គឺបានធ្វើនៅវេលាម៉ោងប្រមាណជាង៦ព្រឹក ដោយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងដី ដែលមានទំនាស់រ៉ាំរ៉ៃអស់រយៈពេលប្រមាណ១៥ឆ្នាំមកហើយ ដែលលោក ស្រី ជា សារ៉ុម និងលោកស្រី ទូច គន្ធី មិនព្រមទទួលយកចំណែករបស់ខ្លួន ហើយកៀរគរ និងបានបន្តសាងសង់រំលោភលើដីរួមចំនួន១៦៣គ្រួសារទៀត ដែលបានលក់ទៅឲ្យក្រុមហ៊ុនរួចហើយនោះ។

តាមព័ត៌មានឲ្យដឹងទៀតថា សំណុំរឿងនេះមានម្ចាស់បំណុលឈ្មោះ បាញ់ អ៊ុយតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាតំណាងឲ្យក្រុមហ៊ុន អាយ អេសប៊ី យូ (ខេមបូឌា) ឯ.ក និងសហកូនបំណុលដែលរួមមាន៖

ទី១- ឈ្មោះ ជា សារ៉ុម

ទី២- ឈ្មោះ ទូច គន្ធី

ទី៣- ឈ្មោះ ស៊ឹម កូរ៉ា

ទី៤- ឈ្មោះ ព្រុំ យឿន

ទី៥- ឈ្មោះ មើ ពៅ ដែលបានសាងសង់សំណង់រំលោភលើដីរបស់ក្រុមហ៊ុនមួយកន្លែងខាងលើដែលមានទំហំ ៩៩៧៣ម៉ែត្រការ៉េ និងមានវិញ្ញាបនបត្រសម្គាល់អចលវត្ថុលេខ ១២០៨០១០៦ ៣៣៣៨ ដែលបានទិញពីឈ្មោះ ព្រីន សុជាតិ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ។

តាមអាជ្ញាធរបានឲ្យដឹងទៀតថា នៅមុនពេលដែលសមត្ថកិច្ចចុះអនុវត្តដីកាសម្រេច អនុវត្តជំនួសនោះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងឲ្យសហកូនបំណុលធ្វើការរុះរើសំណង់ និងការផ្សេងៗដែលបានសាងសង់ចេញពីអចលនវត្ថុខាងលើនេះចំនួន២លើក តែសហកូនបំណុលមិនរុះរើ ទើបសមត្ថកិច្ចចុះមកអនុវត្ដដីកាសម្រេចអនុវត្តជំនួសតែម្តង។

សមត្ថកិច្ចនិងអាជ្ញាធរដែលបានចុះទៅកាន់ទីនោះបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកនោះនៅពេលដែលគណៈកម្មការចម្រុះចុះអនុវត្តឈ្មោះ ស៊ឹម កូរា ភេទប្រុស ដែលជាកូនលោកស្រី ជា សារ៉ុម បានធ្វើការរារាំងហើយត្រូវបានសមត្ថកិច្ចជម្លៀសយកចេញពីទីតាំងខាងលើតែម្តង។ ការអនុវត្តបានដំណើរដោយរលូន ដោយប្រជាពលរដ្ឋដែលជាតំណាង១៦៣គ្រួសារ ដែលបានឯកភាពលក់ដីឲ្យក្រុមហ៊ុនក៏បាននាំគ្នាជួយរុះរើសំណង់នោះចេញ ហើយក្រុមជាងក៏បានធ្វើរបងព័ទ្ធដោយរលូន ក្រោមការការពារពីសម្លាំងសមត្ថកិច្ច។

គួរបញ្ជាក់ថា ដីនោះមានទំនាស់រ៉ាំរ៉ៃ រយៈពេលប្រមាណ១៥ឆ្នាំមកហើយ ដោយលោកស្រី ព្រីង សុជាតិ តំណាងប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ បានប្តឹងផ្តល់គ្នា ហើយឈ្នះក្តីពីលោក គឹម កៅ ជាតំណាងឲ្យក្រុមហ៊ុន គឹម ហាប់ តាមអំណាចសាលដីកាតុលាការកំពូល ហើយបានចុះអនុវត្តសាលក្រមតាំងពីឆ្នាំ២០១៨ ប្រគល់ដីនោះឲ្យប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានដីរួចហើយ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីជំនាញក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដោយមានលោកស្រី ព្រីន សុជាតិ ជាតំណាង។

ដោយសារតែដីរួមប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ក៏បានឯកភាពលក់ទៅឲ្យក្រុមហ៊ុនខាងលើនៅសល់តែ២គ្រួសារគឺលោកស្រី ជា សារ៉ុម និងលោកស្រី ទូច គន្ធី ដែលមិនព្រមលក់ទើបអាជ្ញាធររៀបចំកាត់ដីចំណែកទុកឲ្យគាត់ តែលោកស្រី ជា សារ៉ុម មិនសុខចិត្តក៏បន្តធ្វើការតវ៉ា ហើយបានទៅសាងសង់រំលោភលើដីដែលជាចំណែកប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ដែលបានលក់ឲ្យក្រុមហ៊ុនហើយនោះ។ ទីបំផុតដោយសារតែអំណាចដីកាសម្រេចអនុវត្តជំនួស ទើបសមត្ថកិច្ចប្រើកម្លាំងសមត្ថកិច្ចចម្រុះចុះទៅអនុវត្តបានសម្រេចដោយរលូននៅពេលនេះ។

សូមរំលឹកថា ជុំវិញទីតាំងកន្លែងអនុវត្តសាលក្រមនេះ កន្លងទៅលោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះទៅសិក្សាពីនិត្យ ធ្វើការសម្របសម្រួលឲ្យភាគីដែលពុំទាន់ទទួលយកចំណែក និងភាគីខាងក្រុមហ៊ុនរកដំណោះស្រាយឈ្នះ=ឈ្នះទាំងអស់គ្នា ។ ក្នុងនោះតំណាងប្រជាពលរដ្ឋរហូតដល់១៦៣គ្រួសារ ក៏បានធ្វើការតវ៉ានិងធ្វើសន្និសីទសារព័ត៌មានផងដែរ។

លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កន្លងទៅបានប្រាប់អង្គភាពនគរដ្រេហ្គននិងកាសែតនគរវត្តតាមទូរស័ព្ទយ៉ាងដូច្នេះថា” បញ្ហាវិវាទដីធ្លីនេះត្រូវបានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការសម្របសម្រួលបញ្ចប់ ប៉ុន្តែនៅសល់ចំនួន២គ្រួសារទៀតគាត់មិនព្រមនិងបន្តប្រមូលប្រជាពលរដ្ឋធ្វើការតវ៉ា ដូចជាការធ្វើសន្និសីទសារព័ត៌មាន។ លោកអភិបាលបន្តថា នោះជាសិទ្ធិរបស់ពលរដ្ឋ ពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា នឹងធ្វើសន្និសីទសារពត៌មាន ប៉ុន្តែកត្តាជាក់ស្តែង អាជ្ញាធរត្រូវតែអនុវត្តទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សិលា


ចែករំលែក៖