ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិន នឹង​នាំអាមេរិក ចូលក្នុងអង្គការសុខភាពពិភពលោកវិញភ្លាមៗក្រោយចូលកាន់តំណែង​

ចែករំលែក៖

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ​លោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ហើយ​លោកនឹងសម្រេចកែប្រែគោលនយោបាយ​មួយចំនួន របស់អតីតប្រធានាធិបតី ​។ អ្វី​ដែលលោកបៃឌិនធ្វើមុនគេគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ​ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង ​COVAX របស់អង្គការសុខភាពពិភពលោក​។
តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែងនៅថ្ងៃទី ២០ខែមករា លោកបៃឌិន នឹង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំ​ចំនួន១៥​ចំណុច ក្នុងនោះមាន នាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ ។
តាមឯកសារដែលក្រុមផ្លាស់ប្តូរអំណាចរបស់លោកបៃឌិនបានប្រកាស​ថា ​រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំ​របស់​អង្គការសុខភាពពិភពលោកនៅក្នុងសប្តាហ៍នេះ​ស្តីពីសង្គ្រាមប្រឆាំងកូវីដ​-១៩​។ ក្រោយជួបពិភាក្សា អាមេរិកនឹងសហការជាមួយ WHO ​ដើម្បីកែទម្រង់អង្គការសុខភាពពិភពលោក​។
កាលពីឆ្នាំ២០២០​ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិក​នឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ។ លោកត្រាំ បានរិះគន់យ៉ាងខ្លាំង​ដល់ អង្គការ​ WHO ថាចាយលុយអាមេរិក តែគាំទ្រប្រទេសចិន​។
កាលពីមុនអាមេរិកដើរតួនាទីយ៉ាងសំខាន់​នៅក្នុងអង្គការ​​ WHO ​ ហើយការសម្រេចរបស់លោកត្រាំ ដកអាមេរិកចេញពីអង្គការនេះ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋសភាអាមេរិក ក៏ដូចជាសភាអឺរ៉ុប ។​ រហូតមកទល់ពេលនេះ ​ អង្គការ ​WHO ​ដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩ ៕ដោយ៖ធី រីណា

រូបភាព៖(AFP/Getty)


ចែករំលែក៖