ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

ចែករំលែក៖

ភ្នំពេញ ៖ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន , អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក។

អគារទីស្តីការថ្មីរបស់ក្រសួងក៏បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង។

អគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក៕

ដោយ៖ សិលា


ចែករំលែក៖