តាមការស្ទង់មតិរបស់ABC News/Ipsos បានប្រកាសនៅថ្ងៃទី២៤ខែមករាថា មានពលរដ្ឋអាមេរិកដល់ទៅ២ភាគ៣បានគាំទ្រដល់វិធានការទប់ស្កាត់កូវីដ-១៩របស់ប្រធានាធិបតីចូ បៃឌិន ក្នុងសប្តាហ៍ទីមួយនៃការកាន់អំណាច។
តាមការស្ទង់មតិ ពលរដ្ឋអាមេរិក ៦៩ភាគរយគាំទ្រវិធានការរបស់ប្រធានាធិបតី បៃឌិន ទប់ស្កាត់កូវីដ-១៩ ក្នុងនោះមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដល់ទៅ ៩៧ភាគរយ និង៤០ភាគរយមកពីគណបក្សសាធារណរដ្ឋ ។
នៅថ្ងៃដំបូងនៃការកាន់អំណាចនាថ្ងៃទី២០ខែមករា លោកបៃឌិនបានចុះហត្ថលេខាលើច្បាប់ទប់ស្កាត់កូវីដ-១៩ ក្នុងនោះត្រូវពាក់ម៉ាស់ និង គម្លាតសង្គម។ ជាមួយគ្នានោះពលរដ្ឋអាមេរិក ដល់ទៅ៨១%បានគាំទ្រច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ។
លោកបៃឌិន ក៏បានប្រែក្រឡាស់ច្បាប់របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយដាក់អាមេរិកចូលក្នុងអង្គការសុខភាពពិភពលោក(WHO) វិញក្នុងថ្ងៃដំបូងចូលកាន់អំណាច។
ជាមួយគ្នានេះដែរ លោកបៃឌិនក៏បានពង្រីកការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ឲ្យបានច្រើន ដោយលោកកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១០០លាននាក់ក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច។
គិតត្រឹមម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ខែមករា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៩៩,៨លាននាក់ ស្លាប់ជាង២,១លាននាក់ និងជាសះស្បើយជាង៧១,៨លាននាក់។
អាមេរិក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២៥,៧លាននាក់ ស្លាប់ជាង៤២៩ពាន់នាក់ និងជាសះស្បើយជាង១៥,៤លាននាក់ផងដែរ ៕ ដោយ៖ធី រីណា
រូបភាព៖AFP