ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មាំសមុទ្រឥណ្ឌូនេស៊ីចាប់នាវាដឹកប្រេងពីរគ្រឿងរបស់អុីរ៉ង់និង ប៉ាណាម៉ា​

ចែករំលែក៖

មន្ត្រីឥណ្ឌូនេស៊ី នៅថ្ងៃទី ២៥ខែមករា បានឲ្យដឹងថា ខ្លួនបានចាប់នាវាដឹកប្រេង​MT Horse បំពាក់ទង់ជាតិអុីរ៉ង់ និងនាវា​MT Freya បំពាក់ទង់ជាតិ​ប៉ាណាម៉ា ​សង្ស័យដឹកជញ្ជូនប្រេងខុសច្បាប់​​នៅលើដែនសមុទ្ររបស់ឥណ្ឌូនេស៊ី។
អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រឥណ្ឌូនេស៊ី​បានឲ្យដឹងថា ​​នាវាដឹកប្រេងទាំងពីរគ្រឿងត្រូវបានរក្សាទុកនៅតំបន់សមុទ្រPontianak ស្ថិតនៅកោះ​Borneo ខេត្ត Kalimantan ។ នៅពេលនេះកម្លាំងទាហានឥណ្ឌូនេស៊ីបានបញ្ជូននាវា​ដឹកប្រេង​ទាំងពីរគ្រឿងទៅកាន់​កោះ Batam ខេត្ត​Riau Island ដើម្បីបើកការស្រាវជ្រាវ​។
កម្លាំងការពារដែនសមុទ្រឥណ្ឌូនេស៊ី​បានឲ្យដឹងថា នាវាដឹកប្រេងខាងលើត្រូវបានប្រទះឃើញនៅតំបន់សមុទ្រ ក្នុងខេត្ត Kalimantan ដោយមិនបានបំពាក់ទង់ជាតិនោះឡើយ ​បិទប្រព័ន្ធសម្គាល់ ស្វ័យប្រវត្តិ និងមិនឆ្លើយតបការសួរនាំ​។
កម្លាំងទាហានឥណ្ឌូនេស៊ី​បានឲ្យដឹងថា នាវា MT Horseកំពុងតែ​ផ្ទេរប្រេងទៅកាន់នាវា MT Freya ។ ចំណែកនាវិក​៦១នាក់​​នៅលើនាវាទាំងពីរគ្រឿងត្រូវបានឃាត់ខ្លួន​។
នៅថ្ងៃទី២៥​ខែមករា អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោកSaeed Khatibzadeh បានស្នើដល់ឥណ្ឌូនេស៊ីផ្តល់ព័ត៌មានឲ្យបានច្បាស់ស្តីពីការឃាត់នាវាMT Horse ៕

ដោយ៖ធី រីណា


ចែករំលែក៖