ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តទាំងស្ថានភាពមិនស្រួលខ្លួនហើយបានគេចពីម៉ូតូក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់។
ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃេីញស្ត្រីម្នាក់បើករថយន្តម៉ាកTrailblazer LTZ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ 3399ធ្វេីដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដោយមានស្ថានភាពមិនស្រួលខ្លួនងងឹតមុខហើយបានគេចពីម៉ូតូដែលនៅខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តរងការខូចខាតចំណែករបាំថ្មពុះចែកទ្រូងផ្លូវវៀចចេញពីគន្លងជួរមួយកង់សំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ