រដ្ឋមន្ត្រីការពារជាតិ កូឡុំប៊ី លោកCarlos Holmes Trujillo បានស្លាប់ដោយសារកូវីដ-១៩ នៅថ្ងៃទី ២៦ខែមករាឆ្នាំ២០២១។ កាលពីថ្ងៃចន្ទសប្តាហ៍កន្លងមក រដ្ឋាភិបាលកូឡំុប៊ីបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជូនទៅព្យាបាលជាពិសេស ក្រោយពីឆ្លងកូវីដ-១៩ ។
រដ្ឋមន្ត្រីការពារជាតិ Carlos Holmes Trujillo ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ខែមករា ហើយត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងទីក្រុងBarranquilla ។ ពីរថ្ងៃក្រោយមក លោកក៏បានបញ្ជូនទៅកាន់បន្ទប់ពិសេសជំនួយការដកដង្ហើម។ ការស្លាប់របស់លោកCarlos Holmes Trujilloបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលនិងពលរដ្ឋកូឡំុប៊ីសោកស្តាយយ៉ាងខ្លាំង ។
គិតមកទល់ថ្ងៃទី២៦ខែមករា ប្រទេសកូឡំុប៊ីមានករណីឆ្លងកូវីដ -១៩សរុបជាង២លាននាក់ និងស្លាប់៥១ពាន់នាក់ផងដែរ។ កូឡំុប៊ីស្ថិតនៅលំដាប់ទី១១លើពិភពលោកពីចំនួនអ្នកឆ្លង ។
គិតត្រឹមម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅ ១០០,៣៥៨,៦៨៧នាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន ២,១៥១,៦៥៨នាក់បានស្លាប់និង ៧២,៤០៩,៦២៥នាក់ ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញផងដែរ៕ ដោយ៖ធី រីណា
រូបភាព៖ Twitter