ភ្នំពេញ ៖ លោកអុី បញ្ញា អ្នកសារព័ត៌មាន វ័យក្មេង អាយុ២២ឆ្នាំ បានស្លាប់ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារនៃសព ។
នាពេលថ្មីៗនេះ ម្តាយរបស់លោក អុី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹង ម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់ ។
គួររំលឹកថា លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អុី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹងយប់មិញ បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងផ្ទះលេខ ០៩-១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូន ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ។
នេះបើយោងតាមពាក្យបណ្តឹង គោរពចូល លោកអធិការនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលអ្នកព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ។
នៅក្នុងពាក្យបណ្តឹង បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អុី បញ្ញា។ ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អុី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំងឺម្តងៗ គ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ។
ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំ និងកូនក្មួយអស់ជំនឿ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំ និងកូនសម្រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតវិញម្តង។
រហូតមកដល់ពេលនេះ ស្ថានភាពអ្នកជំងឺមានអាការៈមិនធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្យជំនាញៗនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បង្ហើបប្រាប់ថា អ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរណាស់ បណ្តាលមកពីការព្យាបាលរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅ មន្ទីរពេទ្យរដ្ឋ ព្យាបាលខុសបច្ចេកទេស និងវិជ្ជាជីវៈ ។
យោងតាមពាក្យបណ្តឹងដដែលបន្តទៀតថា ឈ្មោះ អុី បញ្ញា មុនពេលវះកាត់ គឺមានអាការៈនឹងនរធម្មតា គ្រាន់តែចុកពោះតិចតួចអាចបើកបរឡានខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុ នៃការចុកពោះ ។
ពេលនោះក្រុមគ្រូពេទ្យបាននិយាយថា ឈ្មោះ អុី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែង ត្រូវវះកាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថា វះកាត់រយៈពេលតែ ២ថ្ងៃ គឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេ អាចមានបញ្ហាដល់អាយុជីវិត។ ហើយតម្លៃឈ្នួល នៃការវះកាត់វិញចំនួន ៦០០ដុល្លារ ប៉ុន្តែពេលនាងខ្ញុំសុំយកកូនចេញពីពេទ្យ គឺគ្រូពេទ្យគិតលុយសរុបចំនួន ១០០០ដុល្លារ។
ជាមួយគ្នានេះដែរ លោកស្រី ស៊ឹម សម្បត្តិ ជាម្តាយរបស់អ្នកជំងឺ ឈ្មោះ អុី បញ្ញា សូមអោយលោកអធិរការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់ការម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ផង៕ដោយ៖សុខាសែនជ័យ