ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបត់ឆ្វេងមិនប្រយ័ត្នបុកជាមួយម៉ូតូរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

     ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលបានបើកបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០១ ខែ​កុម្ភៈ ឆ្នាំ២០២១ នៅលេីផ្លូវជាតិលេខ៣១៤D ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតក្នុងភូមិរោទ៍ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នករងរបួសមានឈ្មោះ ជួន ប៉ែត  អាយុ ៣២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិប្ញស្សីអម ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

   ចំណែកអ្នកបើកបររថយន្តឈ្មោះ មោគ សាផន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបេីកបរ រស់នៅភូមិរោទ៍  ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោយបង្កហេតុបានរត់គេចខ្លួន ។

   ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ឌ០៤២៣-ភ្នំពេញ២ បេីកបរក្នុងទិសដៅពីត្បូងទៅជេីង​ ហើយក៏បានបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច(Nex) ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១K-៩០៦៩ បេីកបរពីជេីងមកត្បូង ជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងវាស់វែងអូសយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញ ដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖