អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងត្រូវបញ្ឈប់ការងារអ្នកបេីយន្តហោះរាប់រយនាក់ ក្រោមផែនការស្តារបំណុលរបស់ក្រុមហ៊ុនខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ) ដែលបង្ខំឲ្យក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការហោះហើរចំពោះយន្តហោះ ៣ ប្រភេទរួមមាន៖ Airbus A330-300, A380, និង Boeing 747។
ជាក់ស្តែងក្រុមហ៊ុនអាកាសចរណ៍ Thai Airways បន្ទាប់ពីការដោះស្រាយភាពក្ស័យធនអស់ជាច្រើនខែក្នុងពេល Covid-19 រាតត្បាត ពេលនេះក៏បានសម្រេចចិត្តបញ្ឈប់ពីឡុតចំនួន ៣៩៥នាក់ ដែលនាំឲ្យចំនួនអ្នកបើកយន្តហោះរបស់ក្រុមហ៊ុននៅសល់ ៩០៥ នាក់។ យ៉ាងណាមិញ មនុស្សជាច្រើនបានសង្ស័យពីការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយដែលនាំឲ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ។
គួររម្លឹកថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានព្យាយាមលើរឿងជាច្រើនដើម្បីព្យាយាមរកលុយបន្ថែមមួយចំនួន។ ជាមួយនឹងការបញ្ឈប់ដំណើរទេសចរណ៍អន្តរជាតិក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានធ្វើអាជីវកម្មនៅលើដី និងបានបើកហាងកាហ្វេដែលមានបម្រើអាហារនៅ ពេលហោះហើរ។
គួរបញ្ជាក់ថា ជាក់ស្ដែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ថៃ បានប្រកាសថា ខ្លួននឹងដេញថ្លៃយន្តហោះដឹកអ្នកដំណើរដែលបានប្រើប្រាស់ចំនួន ៣៤គ្រឿង ហើយក៏បានដាក់ដេញថ្លៃសំភារៈក្នុងឃ្លាំង និងជួលការិយាល័យរបស់ខ្លួនដើម្បីរកប្រាក់បន្ថែមមួយចំនួនផងដែរ៕ដោយ៖សហការី