ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងយ៉ាងដូច្នេះថា, “មានសន្តិភាព ទើបមានការអភិវឌ្ឍន៍” ជាសត្យានុម័ត អនុវត្តតាមនយោបាលឈ្នះ-ឈ្នះ កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ទូទាំងផ្ទៃប្រទេស ហើយចាប់ផ្តើមឈានជើងដើរចេញពីប្រទេសអសន្តិសុខស្បៀង ត្រូវការជំនួយឧបត្ថម្ភពីអន្តរជាតិ មកជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងប្រទេសបានគ្រប់គ្រាន់ ហើយចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្នកម្ពុជាបានផលិតស្បៀងលើសពីតម្រូវការ និងបាននិងកំពុងធ្វើការនាំចេញស្រូវ អង្ករ ដំឡូងមី (ស្រស់ ចំណិតក្រៀម និងម្សៅ) គ្រាប់ស្វាយចន្ទី (ស្រស់ និងផលិតផលសម្រេច) ស្វាយកែវរមៀត (ស្រស់ និងដំណាប់) ចេកអំបូងលឿង។ល។ ទៅកាន់ទីផ្សារពិភពលោក។
លោករដ្ឋមន្ត្រីបានបន្តថា, អនុវត្តតាមគោលនយោបាយជាតិស្តីពី “ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ” របស់រាជ រដ្ឋាភិបាលកាលពីឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ជាសេនាធិការបានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ធ្វើការសិក្សាស្រាវជ្រាវអំពីពូជ ជំងឺសត្វល្អិត គុណភាពដី ក្សេត្របរិស្ថានដំណាំស្រូវ ការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្ម សំខាន់ៗមួយចំនួនទៀត ធ្វើយ៉ាងណាបង្កើនទិន្នផលស្រូវ ធានាគុណភាព សុវត្ថិភាពអង្ករ និងប្រសិទ្ធភាពសេដ្ឋកិច្ច។ មួយក្នុងចំណោមកម្មវត្ថុសំខាន់ៗដែលមិនអាចមើលរំលងបានក្នុងការ ជំរុញផលិតកម្មស្រូវ គឺការសិក្សាឲ្យបានលម្អិត និងស៊ីជម្រៅអំពីក្សេត្របរិស្ថាននៃតំបន់ដាំដុះដំណាំស្បៀងដ៏មានសារសំខាន់មួយនេះ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា, ដោយឆ្វេងយល់យ៉ាងច្បាស់អំពីកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងសន្ទុះនៃការអភិវឌ្ឍន៍លើកគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលទាមទារចាំបាច់ត្រូវបង្កើនផលិតកម្ម ឬទិន្នផលស្រូវលើផ្ទៃដីដដែល ព្រមទាំងធានាបានទាំងគុណ ភាព និងសុវត្ថិភាពអង្ករ ឆ្លើយតបតាមនិយាមទីផ្សារនាំចេញ។ បើយើងងាកមើលទិដ្ឋភាពជារួម ឃើញថាកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅពីរទសវត្សចុងក្រោយនេះ ហើយល្បឿននៃការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនេះ ធ្វើឲ្យស្ថានភាព និងការប្រើប្រាស់ដីស្រែមានការប្រែប្រួលជាខ្លាំង ហើយការប្រែប្រួលនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់ប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។ ហេតុផលនេះ ទាមទារចាំបាច់ត្រូវតែធ្វើបច្ចុប្បន្នភាពទាំងចំណាត់ថ្នាក់ និងផែនទីក្សេត្របរិស្ថាននៃតំបន់ដាំដុះដំណាំស្រូវនៅកម្ពុជាឲ្យបានច្បាស់លាស់ ដើម្បីទុកជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងផែនការតម្រង់ទិសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ផលិតកម្មស្រូវ ឲ្យបានសមស្របតាមតំបន់ក្សេត្របរិស្ថាន ការធ្វើពិពិធកម្មដំណាំស្រូវជាមូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធស្រោចស្រពខ្នាតតូច (ប្រឡាយជើងក្អែប) ការធានារ៉ាប់រងដំណាំ និងកិច្ចអន្តរាគមន៍ផ្សេងៗ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី០៩ ខែកុម្ភ:។
ជាការអនុវត្ត ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្មបានប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបតាម រយៈគម្រោង RIICE (Remote Sensing-Based Information and Insurance for Crops in Emerging Economies) ជំហានទី៣ ដើម្បីធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ប្រព័ន្ធក្សេ ត្របរិស្ថាននៃតំបន់ដាំដុះដំណាំស្រូវ និងផលិតផែនទី។ កម្មវិធីឌីជីថលដែលបានប្រើប្រាស់ក្នុងការផលិតផែនទី រួមមាន MAPscapeArcGIS/QGIS Rice-YES និង Oryza Crop Model ដែលបង្កើតដោយក្រុមហ៊ុន Sarmap និងអង្គការ IRRI ដោយប្រើប្រាស់ទិន្នន័យរូបភាពផ្កាយ រណបជាច្រើនប្រភេទ និងទិន្នន័យមួយចំនួនទៀតមានដូចជា រូបភាពផ្កាយរណប Sentinel-1A & 1B របស់សហភាពអឺរ៉ុប រូបភាពផ្កាយរណប Landsat 8 របស់អង្គការ NASA (USGS) Digital Elevation Model (DEM) របស់អង្គការ NASA (USGS) ប្រតិទិនដាំដុះដំណាំស្រូវ វិធីសាស្ត្រដាំដុះដំណាំស្រូវ ទិន្នន័យអាកាសធាតុ ទិន្នន័យដី ទីតាំងដាំដុះដំណាំស្រូវ ពេលវេលាចាប់ផ្តើមដាំដុះដំណាំស្រូវ ប៉ារ៉ាម៉ែត្រនៃការលូតលាស់របស់ដំណាំ និងក្រឡាផ្ទៃស្លឹក។ តាមរយៈការវិភាគទិន្នន័យទាំងនេះ និងការពិភាក្សា ប្រព័ន្ធក្សេត្របរិស្ថានដាំដុះដំណាំស្រូវចំនួន ០៦ ចំណាត់ថ្នាក់ត្រូវបានកំណត់ រួមមាន៖ ១- ស្រូវចម្ការ ២- ស្រូវឡើងទឹក ៣- ស្រូវដើមរដូវវស្សា (ស្រូវស្រាល) ៤- ស្រូវតំបន់ទំនាបអាស្រ័យទឹកភ្លៀង (ដាំមួយដង) ៥- ស្រូវតំបន់ទំនាបអាស្រ័យទឹកភ្លៀង (ដាំពីរដង) និង ៦- ស្រូវប្រាំង (ស្រូវស្រាល)។ ព័ត៌មានអំពីផ្ទៃដីដាំដុះតាមប្រភេទនៃចំណាត់ថ្នាក់ប្រព័ន្ធក្សេត្របរិស្ថាននីមួយៗមានបង្ហាញក្នុងតារាងទី១។ ចំណែកឯផែនទីតំបន់ដាំដុះស្រូវនៃប្រព័ន្ធក្សេត្របរិស្ថាននីមួយៗ ត្រូវបានផលិតក្នុងខ្នាតមាត្រដ្ឋាន ១ : ៧០០ ០០០ ដូចមានបង្ហាញក្នុងទំព័រខាងក្រោម។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា, សូមជម្រាបជូនថា ការសិក្សាដើម្បីធ្វើចំណាត់ថ្នាក់ និងផលិតផែនទីប្រព័ន្ធក្សេត្របរិស្ថាននៃតំបន់ដាំដុះដំណាំស្រូវនៅកម្ពុជាត្រូវបានចាប់ផ្តើមក្នុងដើមទសវត្សឆ្នាំ៨០ ដោយអង្គការ IRRI (International Rice Research Institute)។ នៅឆ្នាំ១៩៩៧ គម្រោងកម្ពុជា-អ៊ីរី-អូស្ត្រាលី (The Cambodia-IRRI-Australia Project) ហៅកាត់ថា CIAP បានសិក្សាធ្វើចំណាត់ថ្នាក់និងផែនទីដីនៃតំបន់ដាំដុះដំណាំស្រូវសំខាន់ៗក្នុងប្រទេសកម្ពុជា តែពុំបានធ្វើបច្ចុប្បន្នភាពនៃចំណាត់ថ្នាក់និងផែនទីប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ ហើយនៅឆ្នាំ២០១១ វិទ្យាស្ថាន CARDI បានផលិតឯកសារស្តីអំពីក្សេត្របរិស្ថានដំណាំស្រូវនៅកម្ពុជាជាជំហានបឋមផងដែរ៕
ដោយ៖ សុខ ខេមរា