ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល១ទល់១ ដែលធ្វើឲ្យក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ។ការប្រកួតក្រុមទាំង២កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមម្ចាស់ផ្ទះ West Brom មានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់មុន នៅនាទីទី២ ដោយកីឡាករ Diagne ប៉ុន្តែនៅនាទីទី៤៤ ជិតចប់ការប្រកួតក្នុងតង់ទី១ទៅហើយ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes របស់ក្រុម Man United រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមទាំង២រកបានម្នាក់១គ្រាប់។
ចូលការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវបិសាចក្រហមព្យាយាមគ្រប់គ្រងបាល់បានច្រើនរហូតដល់៧០ភាគរយ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន ដោយសារតែខ្សែការពាររបស់ក្រុម West Brom ព្យាយាមបិទមិនឲ្យមានការស៊ុតបញ្ចូលទីនោះទេ។
ចប់ការប្រកួតក្រុមទាំង២ត្រឹមទទួលបានលទ្ធផល១ទល់១ប៉ុណ្ណោះ ដែលលទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហម Man United បន្តឈរលេខ២បណ្តោះអាសន្នស្មើពិន្ទុជាមួយក្រុមលេខ៣ Leicester City ៤៦ពិន្ទុដូចគ្នា។ ចំណែកក្រុម West Brom បានបន្តឈរលេខ១៩បណ្តោះអាសន្នដដែល ដោយលើស២ពិន្ទុពីក្រុមបាតតារាងប៉ុណ្ណោះ។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមអាចនឹងបាត់បង់ឱកាសក្នុងការឡើងឈរកំពូលតារាង ដោយសារកាន់តែដាច់ឆ្ងាយពីក្រុមកំពូលតារាង Man City រហូតដល់៧ពិន្ទុឯណោះ ខណៈដែល Man City នៅសល់១ប្រកួតទៀតក្នុងដៃ ៕ដោយ៖ភារៈ