ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

ចែករំលែក៖

ទីក្រុងបាងកក៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ចេញសេចក្តីប្រកាសព័ត៌មាន។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លេខ ០០៦/២១ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃទាំងអស់មេត្តាជ្រាបថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាច្រកព្រំដែន ដែលជាហេតុអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតបងប្អូននិងក្រុមគ្រួសារផ្ទាល់ផង និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍ផង ស្ថានទូតស្នើសុំបង ប្អូនពលករខ្មែរទាំងអស់ចូលរួមអនុវត្តដូចខាងក្រោម៖

* មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសកម្ពុជា ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិត បងប្អូនផ្ទាល់ និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជាផង។

* ត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការចាំបាច់ចូល ប្រទេសកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និង ទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

* ចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូត (នៅបាងកក) ស្ថានអគ្គកុងស៊ុល (នៅខេត្តសាកែវ ) ឬអាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាប្រកព្រំដែន កម្ពុជា-ថៃ។

* ត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែក កុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ) អស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖