ភ្នំពេញ ៖ កម្មករម្នាក់ក្នុងចំណោម៤នាក់បានស្លាប់ភ្លាមៗខណ:កំពុងលើកក្ដារកុងផ្លាកេហើយរអិលរលំសង្កត់ពីលើឯ៣នាក់ទៀតរត់រួច។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង00និង40នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី18 ខែ កុម្ភ: ឆ្នាំ 2021នៅចំណុចការដ្ឋានសាងសង់ តាមផ្លូវសបិត ក្រុម78 ស្ថិតនៅភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ កេស កូស ភេទប្រុស អាយុ 32ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ103 សង្កាត់ទួលសង្កែ1ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពព័ត៍មានពីបុរសឈ្មោះ វី អាយុ38ឆ្នាំ មុខរបររត់ឡំប្រឺតាស្នាក់នៅផ្ទះជួល ផ្លូវលេខ103 សង្កាត់ទួលសង្កែ1ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានបំភ្លឺប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួននិងជនរងគ្រោះរួមទាំងកម្មករចំនួន02ទៀតបានមកសុីឈ្នួលទម្លាក់ក្ដារកុងផ្លាកេ(ក្ដារបន្ទះ)លើកចេញពីទូរកុងតឺន័រនៅចំណុចកើតហេតុខាងលើដោយបានប្រាក់ឈ្នួលចំនួន20ដុល្លារក្នុងការទំលាក់1ទូកុងតឺន័រ។លុះពេលកំពុងរើក្ដារបន្ទះទម្លាក់ពីទូកុងតឺន័របានពាក់កណ្ដាលទៅហើយស្រាប់តែចៃដន្យក្ដារដែលមិនទាន់បានរើចំនួន1ដុំធំទម្ងន់ជាង100គីឡូក្រាមបានដួលសង្កត់ពីលើជនរងគ្រោះម្នាក់ក្នុងចំនោម4នាក់(៣នាក់រត់ចេញរួច)ពេលឃើញដូច្នេះពួកគេនាំគ្នាលើកក្ដារចេញពីលើខ្លួនជនរងគ្រោះរួចបានយកម៉ូតូកង់បីដឹកទៅគ្លីនិកឯកជនតែគ្រូពេទ្យថាធ្ងន់ធ្ងន់ពេកមិនហ៊ានទទួលព្យាបាលក៏ប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត។ទៅដល់ទីនោះគេបញ្ជូនជនរងគ្រោះដាក់បន្ទប់សង្រ្គោះបន្ទាន់ហើយបានតែចំនួន10នាទីគ្រូពេទ្យថាជនរងគ្រោះស្លាប់ហើយ។ក្រោយមកក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យនិងសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតវិញ ៕
ដោយ÷ជីណា