ខេត្តកំពង់ចាម ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំកម្លាំងជំនាញបង្រ្កាបឃាត់ខ្លួនជនសង្ស័យពីរនាក់រស់នៅខេត្តកណ្តាលដូចគ្នាដែលប៉ងធ្វើសកម្មភាព កាច់កយកម៉ូតូប្រជាពលរដ្ឋនៅខេត្តកំពង់ចាម។
លោកមេបញ្ជាការរូបនេះបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់បានឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ទី១.ឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ២៧ ឆ្នាំស្នាក់នៅភូមិព្រែកក្រាញ់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល មុខរបរមិនពិតប្រាកដនិងទី២.ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅឃុំបឹងគ្រំ ឃុំបឹងគ្រំក្រោម ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរជាងអគ្គិសនី។
លោកបន្តថា ជនសង្ស័យទាំងពីរនាក់កំពុងចេញធ្វើសកម្មភាពកាច់កលួចយកម៉ូតូរបស់ពលរដ្ឋតែខណៈនោះកម្លាំងជំនាញរបស់លោកសង្ស័យក៏ឃាត់ខ្លួនសួរនាំ ស្រាប់តែពិនិត្យរកឃេីញឧបករណ៍ សម្រាប់ប្រព្រឹត្តបទល្មេីសដូចជា សោខ្សៀលេខ៨ចំនួន០១ កូនសោកាច់បំបែកមេសោចំនួន០១ ទូរណឺវីសចំនួន០២ ខ្សែភ្លើងនិងដែកសរសៃមួយចំនួនទៀត ។ ក្នុងនោះដែរសមត្ថកិច្ច ចាប់យកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា(សង់បិច)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-1758 ចំនួន០១គ្រឿងប្រគល់ឲ្យម្ចាស់វិញ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនចាត់ការតាមនីតិវិធីនិងបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ៕
ដោយ៖វណ្ណៈ