ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍បេីកឆ្លងផ្លូវ​ ត្រូវម៉ូតូMSXបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ បន្ទាប់ពីមានរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបេីកឆ្លងផ្លូវ​ ត្រូវម៉ូតូMSXបុកពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ កែងផ្លូវសេះសរ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តក្រឡុកសុីម៉ងត៍ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 5A -2218 ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចមកកេីត​ ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងទៅផ្លូវសេះសរ​ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក​ MSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GA-8654 ជិះដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន​ រួចក៏ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍ពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។

​ ក្រោយកេីតហេតុ​ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ ចំណែកតៃកុងរថយន្តក្រឡុកសុីម៉ងត៍ក៏ចុះពីលេីរថយន្តគេចខ្លួនបាត់​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាពេលក្រោយ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖